ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីប្រេស៊ីលលោក​ Bolsonaro តម្រូវឱ្យសងការខូចខាត និងចេញការសុំទោសជាសាធារណៈចំពោះការលើកឡើងពីការរើសអើងជាតិសាសន៍

RT News

សៅប៉ូូឡូ៖​ អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានបញ្ជាឱ្យបង់ប្រាក់សំណងចំនួន ១លានរៀលប្រេស៊ីល (ប្រហែល ១៨៨០០០ដុល្លារអាមេរិក) សម្រាប់ការខូចខាត​ ចំពោះការលើកឡើងពីការរើសអើងជាតិសាសន៍​ ដែលលោកបានធ្វើនៅពេលកំពុងកាន់តំណែង និងចេញការសុំទោសជាសាធារណៈ។

តុលាការសហព័ន្ធក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Porto Alegre បានធ្វើសេចក្តីសម្រេចបន្ទាប់ពីតុលាការសហព័ន្ធកំពូលរបស់ប្រទេសប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសអតីតប្រធានាធិបតីឱ្យពន្ធធនាគាររយ:ពេល​ ២៧ឆ្នាំ ៣ខែពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅឆ្នាំ២០២២

សេចក្តីសម្រេចចុងក្រោយបំផុតបានធ្វើឱ្យលោក Bolsonaro ទទួលខុសត្រូវចំពោះមតិយោបល់ដែលលោកបានធ្វើអំពីសក់រួញរបស់យុវជនជនជាតិដើមអាហ្រ្វិកក្នុងអំឡុងពេលចាក់ផ្សាយក្នុងឆ្នាំ២០២១​ ដែលបណ្តាលឱ្យខូចសីលធម៌រួមដោយការបំផ្លាញតម្លៃនៃសង្គមទាំងមូល។

នៅក្នុងការផ្សាយនោះ លោក​ Bolsonaro បានប្រៀបធៀបម៉ូដសក់អាហ្វ្រូរបស់អ្នកគាំទ្រទៅនឹង “កន្លែងបង្កាត់សត្វកន្លាត” ហើយបានបញ្ចាក់ថារូបគេមានចៃថែមទៀតផង។

ចៅក្រមក្នុងសំណុំរឿងបានយល់ស្របថាការលើកឡើងរបស់លោក​ គឺជាការរើសអើងជាតិសាសន៍ ហើយបានច្រានចោលការលើកឡើងរបស់មេធាវីការពារក្តីដែលថាវាគ្រាន់តែជា “រឿងកំប្លែង”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top