សហជីពធំៗ នៅកម្ពុជាអំពាវនាវ ដល់សង្គមស៊ីវិលមួយចំនួន កុំយកបញ្ហាប្រាក់ឈ្នួលកម្មករ ជាអាវុធនយោបាយរបស់ខ្លួន

ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជាបានអំពាវនាវ ដល់ក្រុមសង្គមស៊ីវិលមួយចំនួន កុំយកបញ្ហាប្រាក់ឈ្នួល របស់កម្មករទៅធ្វើជាអាវុធ ពោលគឺកុំដុតឱ្យខ្លោចកុំរោចឱ្យឆៅ ខណៈការដំឡើងប្រាក់ ឈ្នួលអប្បបរមាជូនដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ ធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ច សង្គមជាក់ស្ដែង។
លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជា (NLC) បានថ្លែងថា ក្រុមអង្គការសង្គមស៊ីវិលមួយ ចំនួនតែងតែរកវិធីរិះគន់ ឬហៅថា «កុំដុតឱ្យខ្លោច រោចឱ្យឆៅ» ជុំវិញការដំឡើងប្រាក់ឈ្នួល ដល់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦នេះ ប៉ុន្ដែពួកគាត់មិនបានគិតឱ្យបានគ្រប់ជ្រុង ជ្រោយពីបញ្ហាសេដ្ឋកិច្ចមួយចំនួនដែលបង្កការ លំបាកដល់ការដំឡើងប្រាក់ឈ្នួលកម្មករនោះទេ។

លោកបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាអ្នកយកចិត្តទុកដាក់ទៅលើកម្មករ សូមគិតគូរ និងពិចារណាឱ្យបានល្អិតល្អន់ជុំវិញការរិះគន់ទៅលើការដំឡើងប្រាក់ឈ្នួលដល់កម្មករ ព្រោះកន្លងមក ខ្ញុំសង្កេតឃើញមានការរិះគន់ដំឡើងបានតិច ហើយចាយមិនគ្រប់។ ត្រង់ចំណុចនេះ ពួកគាត់តែងតែយកមកធ្វើជាអាវុធសម្រាប់ដាក់បញ្ចូលធ្វើជារបៀបវារៈនយោបាយ ដើម្បីទាញយកប្រយោជន៍ពីកម្មករ»។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានថ្លែងថា រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានយកចិត្តទុកដាក់ដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ប៉ុន្តែទោះបើទោះការដំឡើងក្នុងកម្រិតណាក៏ដោយក៏មិនអាចផ្គាប់ចិត្តអង្គការសង្គមស៊ីវិលទាំងនោះដែរ ពោលគឺ សង្គមស៊ីវិលមួយក្តាប់តូចនោះ តែងលើកឡើងពាក្យដដែលៗជាង៣០ឆ្នាំមកហើយថា ប្រាក់ខែកម្មករឆាយមិនគ្រប់។
លោកបញ្ជាក់ថា៖«ការដំឡើងប្រាក់ឈ្នួល គឺយើងមានជារៀងរាល់ឆ្នាំ បើទោះបីជាមិនបានច្រើនក៏ដោយ ប៉ុន្ដែអ្វីដែលយើងត្រូវតែគិតគូរឱ្យបានវែងឆ្ងាយជាងនេះ គឺរក្សាវិនិយោគិន និងទាញអ្នកជំនួញបរទេសមកបន្ថែមទៀត។ ខ្ញុំគិតថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានគិតគូចំណុចនេះយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវការងារជូនកម្មករផង និងរក្សាកំណើនវិនិយោគិនផង»។

ចំណែកលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាត្រូវបានវិភាគ និងគណនាលើទិដ្ឋភាពរួមទាំង ៧ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួល។ ជាក់ស្តែងការដំឡើង បានឈរនៅលើគោលការណ៍ឈ្នះៗ ទាំងអស់គ្នា ពោលគឺកម្មករនៅតែមានស្ថេរភាពការងារ និងមានជីវភាពកាន់តែប្រសើរ ហើយថៅកែនៅតែអាចបន្តការវិនិយោគបាននៅកម្ពុជា។
លោកថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹក នាំសហជីពមួយរូប សូមអំពាវនាវដល់បងប្អូនកម្មករ យើងបន្តការងារទៅ តាមសមត្ថភាពរៀងៗខ្លួន ហើយសូមកុំជឿតាមការញុះញង់របស់បុគ្គលមួយក្ដាប់តូចនោះ ព្រោះពួកគេតែងតែព្យាយាម រកលេសដាក់បន្ទុកមកលើរាជរដ្ឋាភិបាល»។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំត្រីភាគី លើកទី៣ ស្តីពីការចរចាប្រាក់ឈ្នួលកម្មករ និយោជិតក្នុងឧស្សាហកម្មវាយនភណ្ឌកាត់ដេរ គឺ ទាំងភាគីនិយោជក និងភាគីសហជីព បានឯកភាពគ្នាមិនលើកតួលេ ខណាមួយទេ ដោយយោងតាមស្ថានភាពបច្ចុប្បន្ន និងរង់ចាំការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដំឡើងប្រាក់ឈ្នួល ដល់កម្មកររោងចក្រសម្រាប់ឆ្នាំ២០២៦៕
