កម្មករក្នុងវិស័យកាត់ដេរ ប្រាប់ពីប្រាក់ចំណូល របស់ខ្លួនក្នុងមួយខែៗ អាចបានជាង ៣០០ដុល្លារ

ភ្នំពេញ៖ ក្រុមកម្មករ-និយោជិតក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ បានប្រាប់ពីប្រាក់ ចំណូលរបស់ខ្លួនក្នុងមួយខែៗ ដែលអាចទទួលបានចន្លោះពី ៣០០ដុល្លារ ទៅ ៣៤០ដុល្លារ។

អ្នកស្រី ហួរ ចាន់ណា កម្មការិនីមកពីខេត្តព្រៃវែង ប្រាប់ថា អ្នកស្រីបានធ្វើការងារ ជាកម្មការិនីរោងចក្រប្រមាណ ៨ឆ្នាំមកហើយ។ ក្រៅពីបានប្រាក់ឈ្នួលគោល អ្នកស្រី ក៏ទទួលបានអត្ថប្រយោជន៍ ផ្សេងទៀតដូចជា ៖ ប្រាក់ថ្លៃសោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៥ដុល្លារ ព្រមទាំងប្រាក់អតីតភាពការងារទៅតាមឆ្នាំជាដើម។ អ្នកស្រី ប្រាប់បន្តថា «បើបូកទាំងថែមម៉ោងបាន ៣០០ជាង វាអាស្រ័យលើម៉ោងយើងថែម ចាប់ពី ៣២០, ៣៣០ ទៅ ៣៤០»។
អ្នកស្រី ហួរ ចាន់ណា ដែលបច្ចុប្បន្នកំពុងមានផ្ទៃពោះផងនោះ បានឱ្យដឹងថា ខាងរោងចក្របានអនុញ្ញាតឱ្យអ្នកស្រី ចេញមុនម៉ោង ១៥នាទី ហើយអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨ម៉ឺនរៀល នៅពេលទៅពិនិត្យផ្ទៃពោះម្ដង។ កម្មការិនីរូបនេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលជួយសម្របសម្រួលឱ្យអ្នកស្រី ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីផ្សេងទៀត ទទួលបានអត្ថប្រយោជន៍ជាច្រើន និងមានការងារជាប់លាប់។

កម្មការិនីម្នាក់ទៀត គឺអ្នកស្រី សឹម សៅ បានប្រាប់ដែរថា ក្រៅពីប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ អ្នកស្រី ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ហើយបើបូកនឹងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាច អ្នកស្រី អាចបានប្រាក់ចំណូលលើស ៣០០ដុល្លារក្នុងមួយខែ។ អ្នកស្រី បានឱ្យដឹងថា «ខែនេះខ្ញុំបានដូចជា ៥០០ គេមានលុយបំណាច់ឆ្នាំ ខែរាល់ដងដូចជា ៣០០តិចតួច»។
អ្នកស្រី សឹម សៅ បានឱ្យដឹងបន្ថែមថា ប្ដីរបស់អ្នកស្រី ក៏ជាកម្មកររោងចក្រម្នាក់ដែរ ហើយបច្ចុប្បន្នអាច មានលទ្ធភាពឱ្យកូន បានបន្តការសិក្សាដូចគេឯងដែរ។ ជារឿងល្អមួយដែរ គ្រួសាររបស់អ្នកស្រី មិនមានការជាប់ បំណុលធនាគារនោះទេ។ ដូច្នេះហើយ អ្នកស្រី អាចសល់ម៉ូតូមួយគ្រឿង និងអាចបង់រំលស់ដីឡូតិ៍ចំនួន ២ឡូតិ៍ តាមរយៈការធ្វើការងារក្នុងរោងចក្រនេះ។
ដូចគ្នាដែរ អ្នកស្រី សឹម សៅ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួលឱ្យអ្នកស្រី និងបងប្អូនកម្មករ និងពលករត្រឡប់មកពីថៃមានការងារធ្វើ។
រីឯអ្នកស្រី យ៉ុង ភ័ក្រ កម្មការិនីមកពីខេត្តតាកែវ ប្រាប់ឱ្យដឹងដែរថា បច្ចុប្បន្នអ្នកស្រី ទទួលបានប្រាក់ឈ្នួលគោលចំនួន ២០៨ដុល្លារ បូករួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត និងការថែមម៉ោងត្រឹមម៉ោង ៦ល្ងាចនោះ អ្នកស្រី អាចទទួលបានចំណូលជាង ៣០០ដុល្លារ ក្នុងមួយខែ។ អ្នកស្រី បន្ថែមថា «ខ្ទង់ ៣០០ជាង ទាល់តែយើងបូកម៉ង បានដឹងជាក់ស្ដែង…មានលុយធ្វើដំណើរ លុយស្នាក់នៅ ២ហ្នឹង ២២ដុល្លារ ហើយលុយបាយតាមយើងថែមម៉ោងចឹងណា៎»។
កម្មការិនីរូបនេះ បានលើកឡើងថា ការដែលខ្លួនទទួលបានប្រាក់ចំណូលសរុបជាង ៣០០ដុល្លារក្នុងមួយខែនេះ គឺទទួលបានសមរម្យហើយ ។ អ្នកស្រី យ៉ុង ភ័ក្រ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូនកម្មករ-និយោជិត ដោយបានសម្របសម្រួល ឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ហើយទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត៕
