ព័ត៌មានជាតិ

សម្តេចតេជោ ស្នើបារាំងបន្តតាមដាន ស្ថានភាពព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ក្រោយមានការប៉ះទង្គិចគ្នាម្តងទៀតរវាងកម្ពុជា-ថៃកាលពីរសៀលថ្ងៃ១៧ កញ្ញា នៅភូមិព្រៃចាន់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានស្នើសុំទៅរដ្ឋាភិបាលសាធារណរដ្ឋបារាំង បន្តតាមដានស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី១៨ កញ្ញាថា សម្តេចតេជោបានរៀបរាប់ប្រាប់ទៅទូតបារាំងអំពីការប៉ះទង្គិចគ្នាសាជាថ្មីម្តងទៀត ក្រោយក្រុមយោធាថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ដោយខ្លះទៀតមានកាន់ជំពាមកៅស៊ូ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកបញ្ជាក់ថា “សម្តេចតេជោបានប្រាប់ទៅឯកឧត្តមឯកអគ្គរដ្ឋទូត ដោយស្នើឲ្យបារាំងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសគឺការជំរុញឲ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឲ្យបានពេញលេញ” ។

សម្តេចតេជោបានប្រាប់ទៅទូតបារាំងទៀតថា ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតែស្ថិតក្នុងភាពផុយស្រួយ ។ សម្តេចតេជោបន្តថា អ្វីដែលកម្ពុជាចង់ឃើញនោះមិនមែនចង់ឲ្យភាគីបារាំងទៅថ្កោលទោសលើប្រទេសណាមួយនោះទេ គ្រាន់តែចង់ឲ្យបារាំងជំរុញឲ្យភាគីទាំងពីរមានការអត់ធ្មត់ខ្ពស់ក្នុងការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតបារាំងបានអះអាងថា បារាំងបានយកចិត្តទុកដាក់ជាខ្លាំងនិងបន្តតាមដានស្ថានភាពជម្លោះព្រំដែនរវាងប្រទេសទាំងពីរនេះ ៕

To Top