ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន ៖ ដីព្រៃលិចទឹក ក្នុងអតីតដែន ឡូតិ៍នេសាទលេខ៦ ស្ថិតនៅស្រុកលើកដែក រាប់រយ ហិកតា កំពុងរងការរំលោភបំពាន

ភ្នំពេញ ៖ ព្រៃលិចទឹក ដែលជាជម្រកត្រីពង កូន នៅរដូវវស្សា ស្ថិតក្នុងអតីតដែនឡូតិ៍នេសាទ លេខ៦ រាប់រយ ហិកតា កំពុងរងការឈូសឆាយ និងដុតបំផ្លាញ យ៉ាងអនាធិបតេយ្យ ដើម្បីប្រែក្លាយទៅជាដី អាស្រ័យផល ស្របច្បាប់ ដោយមានការឃុបឃិតគ្នា ជាមួយអាជ្ញាធរ និងក្រុមឈ្មួញមានអំណាច ក្នុងលក្ខណៈជាប្រព័ន្ធ ។

ប្រជាពលរដ្ឋ និងមន្ត្រីជំនាញ បានលើកឡើងថា សព្វថ្ងៃនេះដីព្រៃលិចទឹក ដែលជាជម្រក ត្រី ពង កូន នៅរដូវទឹកឡើង នៅក្នុងអតីតដែនឡូត៍នេសាទលេខ៦ ក្នុងភូមិក្បាលជ្រោយ ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កំពុងត្រូវបានក្រុមមេកា របស់លោក ឧកញ៉ាថាច់ ថង ធ្វើការឈូស និងដុតបំផ្លាញ យ៉ាងអនាធិបតេយ្យរង្គើពេញព្រៃ ជាមួយគ្រឿងចក្រ ជាច្រើន គ្រឿង ក្រោមលេសលើកទំនប់ព័ទ្ធព្រំដី ។

ប្រជាពលរដ្ឋ បានបន្ដថា សកម្មភាពនេះ អាចដំណើរការទៅបាន បើមិនត្រូវរ៉ូវគ្នា ជាអាជ្ញាធរតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ គឺប្រជាពលរដ្ឋធម្មតា មិនអាចធ្វើបាននោះទេ ហើយ ប្រសិនបើ នៅតែបណ្ដែតបណ្ដោយរបៀបនេះ ដីព្រៃលិចទឹក ពិតជារលាយហិនហោច ជាពុំខាន តើឱ្យត្រី ទៅពងកូននៅឯណា ? អតីតដែនឡូត៍លេខ៦ ដែល រាជរដ្ឋាភិបាល កាត់មកឱ្យប្រជាពលរដ្ឋ អាស្រ័យផល ដោយការធ្វើនេសាទ ជាលក្ខណៈ គ្រួសារបាន ក្លាយទៅជា កម្មសិទ្ធិឯកជន តើពួកគាត់ជាប្រជាពលរដ្ឋ មានកន្លែងណា រកត្រី ក្តាម ខ្យងចិញ្ចឹម ប្រពន្ធកូនទៀត ។

ជាក់ស្ដែងក្រុម មេការរបស់លោកឧកញ៉ា ថាច់ ថង បាន និយាយ ក្តែងៗថា ដីនេះ មេរបស់ពួកគេ ទិញមានការដឹងឮ ពីអាជ្ញាធរ តាំងពី១៤ឆ្នាំមុនមកម្ល៉េះ និងមានការទទួលស្គាល់ ពី អាជ្ញាធរទៀតផង ។ ហើយការដែលមកធ្វើនេះ គឺសុទ្ធ តែមានច្បាប់ពីចៅហ្វាយខេត្ត មិនមែនចេះតែធ្វើៗនោះទេ ហើយការលើកទំនប់ ព្រំនេះ ព្រោះតែខ្លាចមានអ្នករំលោភយក ដោយសារតែ លោកមេឃុំ កំពង់ភ្នំ ចេះតែស៊ីញេលក់ ពាសវាល ពាសកាលពេក ។
ពាក់ព័ន្ធបញ្ហានេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមិនទាន់អាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរខេត្តកណ្ដាលបាននៅឡើយទេ។

សូមរំលឹកថា ក្រោយសង្កេតឃើញមានការទន្ទ្រាន កាន់កាប់និងចាក់ដីលុបបឹងព្រែកដែលជាសម្បត្តិរបស់រដ្ឋជាបន្តបន្ទាប់រហូតដល់បង្កឲ្យមានគ្រោះទឹកជំនន់នារដូវវស្សានោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៨ឧសភា បានសរសេរលិខិតមួយច្បាប់ ជម្រាបជូនទៅកាន់គ្រប់ អភិបាលរាជធានីខេត្ត ឲ្យជួយទប់ស្កាត់ការរំលោភចាក់ដីលុប ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ៕

To Top