UNDP ពង្រឹងភាពជាដៃគូ ជាមួយក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ លោក Enrico Gaveglia តំណាងប្រចាំប្រទេស នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានប្តេជ្ញាបន្តពង្រឹងភាពជាដៃគូ ជាមួយក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយកិច្ចខិតខំប្រឹងប្រែង របស់ក្រសួង ក្នុងការកំណត់ទិសដៅធ្វើទំនើបកម្មវិស័យសុខាភិបាល ។

ក្នុងឱកាសលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យលោក Enrico Gavegliaចូលជួបសម្តែងការគួរសម តំណាងUNDPរូបនេះបានថ្លែងថា ការកំណត់ទិសដៅក្នុងការធ្វើទំនើបកម្មវិស័យសុខាភិបាល ធ្វើឡើងតាមរយៈការធ្វើនវានុវត្តន៍ឌីជីថល និងការរៀបចំប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល ប្រកបដោយនិរន្តរភាព ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងការគ្របដណ្តប់នៃការថែទាំសុខភាព និងដើម្បីពង្រឹងប្រព័ន្ធ និងសមត្ថភាពស្ថាប័នឆ្ពោះ ទៅរកការគ្របដណ្តប់សុខភាពជាសកល ។

ចំណែក សាស្ត្រាចារ្យរដ្ឋមន្ត្រីវិញ បានថ្លែងអំណរគុណចំពោះ UNDP ដែលតែងតែឈរជាមួយកម្ពុជា ដើម្បីជំរុញអភិវឌ្ឍន៍វិស័យសុខាភិបាល ឲ្យមាននិរន្តរភាព និងសមធម៌។ UNDP មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកប្រឹក្សាដ៏គួរឲ្យទុកចិត្ត ក្នុងការជំរុញការកែទម្រង់ ពាក់ព័ន្ធនឹងសមត្ថភាពធន់ នឹងបម្រែបម្រួលអាកាសធាតុ និងការនវានុវត្តឌីជីថល។ តាមរយៈការធ្វើការរួមគ្នា អាចកសាងប្រព័ន្ធសុខាភិបាល ឲ្យក្លាយជាប្រព័ន្ធដែលមានភាពធន់ មានសមធម៌ និងមាននិរន្តរភាព។

ក្នុងឱកាសនោះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាលើវិសាលភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការគាំទ្រវិស័យសុខាភិបាល រួចមាន ៖ ការពង្រឹងប្រព័ន្ធហិរញ្ញប្បទាន និងព័ត៌មានសុខាភិបាល , ២ ការលើកកម្ពស់ដំណោះស្រាយសុខាភិបាលឌីជីថល , ការកែលម្អការគ្រប់គ្រងលទ្ធកម្ម និងសង្វាក់ផ្គត់ផ្គង់ ដោយប្រើដំណោះស្រាយឌីជីថលតាមតម្រូវការ និងផែនទីបង្ហាញផ្លូវសម្រាប់ការផ្តល់ហិរញ្ញប្បទានសុខាភិបាលប្រកបដោយនិរន្តរភាព៕









