ផ្សារទេសចរណ៍បែបខ្មែរដ៏ធំដំបូងគេ «ភូមិខ្មែរអ្នកធ្វើ» នៅកម្ពុជានឹងបើកដំណើរការសាកល្បងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥ ពោលគឺនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ស្ថិតក្នុងបរិវេណផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» នឹងមានប្រមូលផ្ដុំទៅដោយផលិតផលស្នាដៃរបស់ខ្មែរជាង ១២០ហាង ដែលនឹងក្លាយជាមេដែកទេសចរណ៍ថ្មីមួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងនិយមគាំទ្រផលិតផលដែលជាស្នាដៃរបស់ខ្មែររាប់តាំងពីរបស់របរប្រើប្រាស់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍ និងចំណីចំណុករាប់រយមុខផ្សេងទៀត។
គំនិតផ្ដួចផ្ដើមផ្សារទេសចរណ៍មួយនេះ ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុនយក្ស ជីប ម៉ុង ក្នុងគោលបំណង ចូលរួមផ្សព្វផ្សាយម៉ាកយីហោផលិតផលខ្មែរ ផ្សាភ្ជាប់ជាមួយនឹងវិស័យទេសចរណ៍ ជាពិសេសធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ពីផលិតផលខ្មែរកាន់តែច្រើនថែមទៀត។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានគូសបញ្ជាក់ថា ប្រជាជាតិមួយខ្លាំង និងអាចគង់វង្សយូរអង្វែង ចាំបាច់ត្រូវមានប្រជាជន ដែលពោរពេញទៅដោយសមត្ថភាព អាចថែរក្សាអត្ដសញ្ញាណ និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ ដូច្នេះហើយទើបក្រុមហ៊ុន ជីប ម៉ុង សម្រេចបង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» នេះឡើង ដើម្បីផ្សព្វផ្សាយអំពីស្នាដៃផលិតផល និងមុខម្ហូប ដែលជាអត្តសញ្ញាណរបស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
អ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ទៀតថា បើទោះបីជា ការរៀបចំផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ក្រុមហ៊ុនជីប ម៉ុង ត្រូវចំណាយច្រើន និងសូម្បីតែមិនទទួលបានផលចំណេញជាលុកកាក់មកវិញក៏ដោយ ប៉ុន្ដែ ជាស្មារតីរួមចំណែកលើកស្ទួយផលិតផលខ្មែរ ថែរក្សាអត្តសញ្ញាណនិងវប្បធម៌ និងលើកទឹកចិត្តអ្នកផលិតក្នុងស្រុក ក្រុមហ៊ុន ជីប ម៉ុង បានសម្រេចរៀបចំផ្សាទេសចរណ៍នេះឡើង ដោយមិនមានភាពស្ទាក់ស្ទើរនោះឡើយ។ តាមរយៈផ្សារទេសចរណ៍ដ៏ធំមួយនេះ អ្នកឧកញ៉ា លាង ម៉េង ជឿជាក់ថា នឹងជួយផ្សព្វផ្សាយផលិតផល និងស្នាដៃរបស់សហគ្រិនខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀត។
ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង រូបនេះ បានសង្កត់ធ្ងន់ទៀតថា ការផ្សព្វផ្សាយអំពីអត្ដសញ្ញាណរបស់ខ្មែរតាមរយៈផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» មិនមែនជាការគិតគូរសម្រាប់រយៈពេលខ្លីនោះទេ ប៉ុន្ដែ ជីប ម៉ុង ប្តេជ្ញាចិត្តនឹងបន្ដបេសកកម្មផ្សព្វផ្សាយលើកកម្ពស់ផលិតផលខ្មែរនេះ រហូតដល់តជំនាន់ទៅមុខ ស្របទៅតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ ជីប ម៉ុង ដែលចង់ឱ្យក្រុមហ៊ុនខ្មែរមួយនេះ អាចបន្ដឈរជើងរឹងមាំលើស ១០០ឆ្នាំ។
ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ» នឹងមានប្រមូលផ្ដុំទៅដោយម្ហូបអាហារជាច្រើនរាប់មិនអស់ ដែលប្រៀបដូចជាឋានសួគ៌សម្រាប់អ្នកចូលចិត្តញ៉ាំ និងភ្លក់មុខម្ហូបថ្មីៗប្លែកៗ។ ក្រៅពីនេះ ក៏មានការដាក់លក់វត្ថុអនុស្សវរីយ៍ គ្រឿងអលង្កាបែបប្រពៃណីខ្មែរ ចម្លាក់ និងការសម្ដែងរបាំ ល្ខោន និងឧបករណ៍តន្ត្រីបុរាណផងដែរ។
គាំទ្រផលិតផលស្នាដៃខ្មែរ លើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក








