គណៈកម្មការអឺរ៉ុបស្នើឱ្យផ្អាកការអនុគ្រោះពាណិជ្ជកម្មសម្រាប់អ៊ីស្រាអែល និងការដាក់ទណ្ឌកម្មលើបុគ្គល អង្គភាពនានារបស់អ៊ីស្រាអែល

ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានឧ្យដឹងថាខ្លួនបានដាក់សំណើទៅក្រុមប្រឹក្សាសហភាពអឺរ៉ុប ដោយផ្តល់អនុសាសន៍ឱ្យផ្អាកមួយផ្នែកនៃការអនុគ្រោះពាណិជ្ជកម្មដែលផ្តល់ឱ្យអ៊ីស្រាអែល និងការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីអ៊ីស្រាអែល អ្នកតាំងលំនៅ និងអង្គភាពពាក់ព័ន្ធមួយចំនួន។
យោងតាមមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប វិធានការនេះមិនសំដៅលើការបញ្ឈប់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែលនោះទេ ប៉ុន្តែជាការព្យួរការអនុគ្រោះរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងសមាគម EU-Israel។
នៅពេលដែលត្រូវបានអនុវត្ត ការនាំចេញរបស់អ៊ីស្រាអែលទៅកាន់សហភាពអឺរ៉ុបនឹងធ្លាក់នៅក្រោមច្បាប់របស់ប្រទេសដែលពេញចិត្តបំផុត (MFN) របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបណ្តាលឱ្យមានពន្ធកើនឡើង។
យោងតាមទិន្នន័យពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ការនាំចេញទំនិញរបស់អ៊ីស្រាអែលទៅកាន់សហភាពអឺរ៉ុបមានចំនួនប្រហែល ១៥.៩ពាន់លានអឺរ៉ូ (១៨.៨ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៤។ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែលដែលមានចំនួនប្រហែល ៣២ភាគរយនៃពាណិជ្ជកម្មពិភពលោករបស់ខ្លួន។
គណៈកម្មការប៉ាន់ប្រមាណថា ប្រសិនបើទំហំពាណិជ្ជកម្មនៅតែមិនផ្លាស់ប្តូរ អ្នកនាំចេញរបស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងពន្ធបន្ថែមចំនួន ២២០លានអឺរ៉ូក្នុងមួយឆ្នាំ ដែលប៉ះពាល់ដល់ប្រហែល ៣៧ភាគរយនៃការនាំចេញទៅកាន់សហភាពអឺរ៉ុប ដែលភាគច្រើនជាផលិតផលកសិកម្មដូចជា ផ្លែឈើ បន្លែ និងគ្រាប់៕
ប្រែសម្រួល ឈូក បូរ៉ា
