ដើមឈើផ្កា ជើងគោ ១៥.០០០ដើម ត្រូវបានធ្វើពិធីដាំ នៅតាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)

កំពង់ចាម ៖ ដើមឈើផ្កាលម្អ ប្រភេទ”ជើងគោ” ចំនួន ១៥.០០០ដើម ដែលជាអំណោយរបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ តាមរយៈការស្នើសុំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានធ្វើពិធីដាំ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ តាមបណ្តោយផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ដោយមានការអញ្ជើញចូលរួម ពីលោក លឹម សុីដេនីន រដ្ឋលេខាធិការក្រសួង សាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគម្រោងកសាងផ្លូវជាតិលេខ៧ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្ត បាននាំយកដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចូលរួមជាមួយរដ្ឋបាលខេត្ត ដាំនិងជួយថែទាំ តាមមុខផ្ទះ សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដោយការដាំនេះ គឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ ១០ម៉ែត្រក្នុង ១ដើម។

លោកអភិបាលខេត្ត បានរំពឹងទុកថា ការចូលរួមដាំដើមផ្កាជើងគោនៅពេលនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំ ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិ លេខ៧ទាំងអស់នឹងចូលរួមជាមួយ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងចលនាដាំ និង ថែទាំផ្កាជើងគោ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ដើម្បីលើកកម្ពស់សោភណភាព លម្អតាមដងផ្លូវជាតិ លេខ៧ ឱ្យមានភាពបៃតងស្រស់បំព្រង៕




អត្ថបទដោយ: គីហ្សូណា /ដើមអម្ពិល/កំពង់ចាម
រូបភាពដោយ : គីហ្សូណា
