អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យទីតាំង រៀបចំសោភ័ណភាព សួនច្បារ និងសម្អាតច្រាំង ស្ទឹងពោធិ៍សាត់ !

ពោធិ៍សាត់÷លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំង រៀបចំសោភ័ណ្ឌភាពសួនច្បារ និង សំអាតច្រាំងស្ទឹងពោធិ៍សាត់។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលខេត្ត លោកបានរៀបចំកែប្រែ សោភ័ណ្ឌភាពនៅ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ពិសេសនៅតាមដងស្ទឹងពោធិ៍សាត់ ដែលឥឡូវនេះ យើងកំពុងតែធ្វើជា រៀងរាល់ថ្ងៃ គឺពាក់ព័ន្ធនឹងបរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំតាមច្រាំងស្ទឹង ដើម្បីឱ្យក្លាយជាសួន និងច្រាំងដ៏រឹងមាំ មានភាពទាក់ទាញពីសំណាក់ទេសចរជិតឆ្ងាយ។ ការរៀបចំច្រាំងស្ទឹងនេះឡើង គឺជាគុណប្រយោជន៍ សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងផ្តល់ទីកន្លែងដល់ពុកម៉ែបងប្អូន អាចហាត់ប្រាណអង្គុយកម្សាន្តបាន តាមដងស្ទឹង។ បើយើងមិនរៀបចំទេនោះ យើងប្រាកដជាមិនដឹងអ្វីជាសោភណ្ឌភាព ហើយទីប្រជុំជនខេត្តពោធិ៍សាត់ មិនដឹងថានៅកន្លែងណាច្បាស់លាស់នោះទេ។

លោកអភិបាលខេត្ត ក៍សូមថ្លែងអំណរគុណ និងសូមធ្វើការកោតសរសើរ ដល់ប្រជាពលរដ្ឋដែលរស់ នៅតាមដងស្ទឹងទាំងអស់ ដែលមានការចូលរួម តាមសំណូមពរ របស់អាជ្ញាធរ ស្ម័គ្រចិត្តរុះរើរោង ឬខ្ទម ងាយស្រួលដល់ការអភិវឌ្ឍន៍គម្រោង។

ជាមួយគ្នានោះ លោកអភិបាលខេត្តក៍ពេញចិត្ត និងប្តេជ្ញាខិតខំប្រឹងរៀបចំច្រាំងស្ទឹង សួនច្បារ ដាំផ្កា តាំងភ្លើងលំអរនេះឡើង ដើម្បីប្រគល់ជូនទៅពួកគាត់វិញ សម្រាប់ប្រើប្រាស់អង្គុយកម្សាន្ត ដើរហាត់ប្រាណ និងជាពិសេសទាក់ទាញភ្ញៀវទេសចរ មកលេងនៅខេត្តពោធិ៍សាត់អោយកាន់តែច្រើនឡើង៕
ប្រភពនិងរូបភាព÷រដ្ខបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)





