សាស្ត្រាចារ្យ ឈាង រ៉ា ៖ ថ្ងៃនេះ គឺជាការបើកទ្វារថ្មីមួយថែមទៀត នៃសេចក្តីសង្ឃឹម សម្រាប់ពលរដ្ឋកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារពិគ្រោះជំងឺ (ប.ស.ស.) នៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃ១៨ កញ្ញា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ថ្ងៃនេះគឺជាការបើកទ្វារថ្មីមួយបន្ថែមទៀត នៃសេចក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការមកទទួលសេវាថែទាំព្យាបាល ប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ ដល់មន្ទីរពេទ្យកាល់ម៉ែត ដែលបានសម្រេចសមិទ្ធផលថ្មីមួយបន្ថែម លើសមិទ្ធផលជាច្រើន របស់មន្ទីរពេទ្យ ជាមួយនឹងការយកចិត្តទុកដាក់ក្នុង ការអនុវត្តតាមគោលនយោបាយ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ។ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នឹងពង្រឹងការបម្រើសេវា ជូនប្រជាពលរដ្ឋកម្ពុជា ស្របតាមអទិភាពរបស់រាជរដ្ឋាភិបាល។

ឆ្លៀតក្នុងឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់អង្គភាព ក្រោមឱវាទក្រសួងឲ្យបន្តអភិវឌ្ឍន៍សមត្ថភាព ជំនាញបច្ចេកទេសព្យាបាលអ្នកជំងឺ តាមបែបទំនើបៗ និងមានប្រសិទ្ធភាពខ្ពស់ , បង្កើនសកម្មភាពផ្នែកពិគ្រោះជំងឺក្រៅ ជូនអ្នកជំងឺឲ្យបានកាន់តែច្រើន និងធ្វើរោគវិនិច្ឆ័យកាន់តែសុក្រិត , លើកកម្ពស់គុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈ ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ និងក្រុមគ្រួសារ កសាងទំនុកចិត្តជូនអ្នកជំងឺធ្វើឲ្យអ្នកជំងឺមានការពេញចិត្ត និងវាយតម្លៃល្អកាន់តែច្រើន , បង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដែលមកទទួលសេវាឲ្យអស់លទ្ធភាព និងធានាការបម្រើសេវាពេញលេញ ២៤ម៉ោង លើ២៤ម៉ោង ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញឲ្យជួយផ្សព្វផ្សាយ និងផ្តល់ការអប់រំជូនអ្នកជំងឺ និងក្រុមគ្រួសារ ពីវិធីសាស្រ្តបង្ការ និងថែទាំសុខភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការចូលរួមប្រយុទ្ធនឹងជំងឺមិនឆ្លង ជំងឺរ៉ាំរ៉ៃជាដើម សំដៅធ្វើឲ្យអត្រាឈឺ និងស្លាប់កាន់តែទាប អាយុកាលរំពឹងរស់កាន់តែវែង និងគុណភាពជីវិតរស់នៅកាន់តែប្រសើរឡើង ព្រមទាំងបន្តការបណ្តុះបណ្តាលដល់អ្នកបន្តវេនប្រកបដោយសមត្ថភាព និងគុណវុឌ្ឍគ្រប់គ្រាន់ដើម្បីនិរន្តរភាព និងភាពរឹងមាំនៃកម្ពុជា។
ក្នុងឱកាសនោះ សាស្រ្តាចារ្យក៏បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ដែលមានស្នាដៃល្អ ដើម្បីជាការលើកទឹកចិត្តបន្ថែមទៀត ក្នុងការបំពេញការងារឲ្យកាន់តែប្រសើរឡើង។

អគារពិគ្រោះជំងឺ ប.ស.ស. នៅមន្ទីរពេទ្យកាល់ម៉ែតនេះ មានកម្ពស់២ជាន់ បណ្តោយប្រវែង៣០,៣៦ម៉ែត្រ ទទឹង ៦,២៥ម៉ែត្រ ផ្ទៃក្រឡាសរុប ៥៦៩,០៤ម៉ែត្រក្រឡា គ្រោងអគារធ្វើអំពីដែកសរុបចំនួន ២០បន្ទប់ មានជាន់ផ្ទាល់ដី , កន្លែងរង់ចាំ , បញ្ជរចុះឈ្មោះពិគ្រោះជំងឺ៨បញ្ជរ , បញ្ជរផ្តល់សេវា១បញ្ជរ , បញ្ជរចុះឈ្មោះសមាជិក ប.ស.ស. ចំនួន៩បញ្ជរ និងបន្ទប់ប្តូរសម្លៀកបំពាក់របស់បុគ្គលិក ចំនួន១បន្ទប់។ ជាន់ទី១មានបន្ទប់ពិគ្រោះជំងឺចំនួន៧បន្ទប់ , បន្ទប់បូមឈាមចំនួន២បន្ទប់ និងបន្ទប់អាហារបុគ្គលិក១បន្ទប់។ ជាន់ទី២មានបន្ទប់ពិគ្រោះជំងឺចំនួន៩បន្ទប់ , បន្ទប់អេកូ១បន្ទប់ ដែលបានរៀបចំស្រាប់សម្រាប់ទទួលអ្នកជំងឺក្នុងលក្ខខណ្ឌល្អប្រសើរ ៕








