ព្រឹទ្ធសភា ឯកភាពលើសេចក្តីស្នើច្បាប់ យល់ព្រមកិច្ចព្រមព្រៀង បន្ថែមស្តីពីតំបន់អាស៊ី-អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ

ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា បានឯកភាពទាំងស្រុងដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល លើសេចក្តីស្នើច្បាប់ស្តីពីការ អនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់ អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ។

ការឯកភាពនេះធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ក៏មានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៤រូបផងដែរ ។

លោកបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភាពីសំណាក់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕

