លោក អ៊ុន ចាន់ដា ៖ កំណើនសេដ្ឋកិច្ច ខេត្តកំពង់ចាម មានការកើនឡើង ក្នុងឆ្នាំ២០២៤

កំពង់ចាម ៖ ដោយសារការខិតខំប្រឹងប្រែង បំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោម ឱវាទគ្រប់លំដាប់ថ្នាក់ ធ្វើឱ្យសេដ្ឋកិច្ច ក្នុងខេត្តមានការកើនឡើង និងមានការអភិវឌ្ឍ ទទួលបានសមិទ្ធផលជាច្រើនក្នុងឆ្នាំ ២០២៤ កន្លងទៅ ។ នេះជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើង នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៥ ក្នុងឱកាសសំណេះសំណាល ជាមួយមន្ត្រីរាជការ និងនិវត្តន៍ជន នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ។

លោកអភិបាលខេត្ត បានបន្តថា ការអភិវឌ្ឍរបស់រដ្ឋបាលខេត្តក្នុងឆ្នាំ ២០២៤ កន្លងទៅឃើញថា កត្តាសេដ្ឋកិច្ចមានកំណើនខ្ពស់ ដែលទំហំទឹកប្រាក់មានចំនួន ២,៦៥៧ លានដុល្លារ ដែលការរីកចម្រើននេះ ពាក់ព័ន្ធទៅលើវិស័យធំៗមានដូចជា វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម សិប្បកម្ម ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចខាងលើនេះ អាចកើនឡើងទៅបានដោយសារ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន បានល្អ ដែលក្នុងនោះ
ទី១ ៖ ការងាររក្សាសន្តិសុខ បង្កបរិយាកាសដល់អ្នកវិនិយោគ ឱ្យមានសុវត្ថិភាព ធ្វើឱ្យពួកគាត់ដាក់ទុនបន្ត។
ទី២ ៖ ការបម្រើសេវាសាធារណៈ គឺសេវារដ្ឋបាល ផ្ដល់តាមរយៈអង្គភាពច្រកចេញចូលតែមួយ ដែលបង្កលក្ខណៈងាយស្រួល ផ្ដល់នូវភាពស្របច្បាប់ តាមរយៈការផ្ដល់ឯកសារនានា ឬការស្នើសុំនូវអាជ្ញាប័ណ្ណធ្វើអាជីវកម្មផ្សេងៗ ។

ទន្ទឹមនឹងនោះ ការកសាងប្រព័ន្ធផ្លូវគមនាគមន៍ ការកសាងសាលារៀន មន្ទីរពេទ្យ ជាការផ្ដល់សេវាបណ្ដុះបណ្ដាល សេវាគាំពារសុខភាពប្រជាពលរដ្ឋ ដែលទាំងអស់នោះគឺមានការប្រទាក់ក្រឡាគ្នា ដែលបានផ្តល់ផលប្រយោជន៍ទូទៅដល់ប្រជាពលរដ្ឋយើងុំ ។ ដូច្នេះកត្តារក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ក៏ដូចជាការបម្រើសេវាសាធារណៈបានល្អ ធ្វើឲ្យមានអ្នកដាក់ទុនមករកស៊ីនៅក្នុងខេត្តកាន់តែច្រើន ឱកាសការងារដល់ប្រជាពលរដ្ឋយើងក៏មានកាន់តែច្រើនផងដែរ ៕



អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាព ដោយ : គីហ្សូណា
