ព័ត៌មានជាតិ

ផ្លូវលំ១ខ្សែ ក្នុងឃុំស្រែខ្ទុម ខ្ទេចខ្ទាំ ចំណីអូរក្លាយជា កន្លែងចាក់សំរាម

មណ្ឌលគិរីៈ នារដូវវស្សាក្នុងខែកញ្ញានេះ ភ្លៀងធ្លាក់ជោគជាំរាល់ថ្ងៃ បូករួមនិងជំនន់ទឹកភ្លៀងផងនោះ បានយាយីបំផ្លាញ គុណភាពផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា (ចំណុចត្រពាំងកំប្លោក) ខេត្តមណ្ឌលគិរី។

ភ្នាក់ងារដើមអម្ពិល នាព្រលឹមស្រាងៗថ្ងៃទី១៩ ខែកញ្ញានេះ បានផ្តិតយករូបភាព ដោយផ្ទាល់និងសង្កេតឃើញថា ផ្លូវក្រាលគ្រួសក្រហម ដែលជិះចូលតាមមូលដ្ឋាន កងទ័ពស្រុកកែវសីមា តភ្ជាប់ទៅទឹកដីនៃឃុំស្រែព្រះ ស្រុកកែវសីមា បានរងនូវការខូចខាតយ៉ាងដំណំ។ក្នុងនោះ លើទ្រូងផ្លូវកើតមានជង្ហុកធំៗ ស្នាមច្រោះដីកើតជាផ្លូវទឹកហូរកណ្តាលទ្រូងផ្លូវ ស្មៅដុះទ្រុបទ្រុលតាមចិញ្ចើមផ្លូវ បង្ករអោយទំហំផ្លូវរួមតូច លើសពីនេះចំណុចលូបង្ហូរទឹក មានដក់ទឹកលើផ្លូវ ឯសំរាមក៏ត្រូវគេយកទៅចាក់គរចោល នៅមាត់លូផងដែរ ។

សេចក្តីរាយការមួយបានអោយដឹងថា ផ្លូវនេះបានស្ថាបនាឡើង ដោយគម្រោងអភិវឌ្ឍន៍ឃុំស្រែខ្ទុម មានប្រវែងប្រហែល៥km ។គិតមកដល់បច្ចុប្បន្នមានអាយុកាល២ទៅ៣ឆ្នាំប៉ុណ្ណោះ តែត្រូវបានបំផ្លាញទៅវិញ ដោយកត្តាមនុស្ស និងធម្មជាតិ ។ផ្លូវនេះបច្ចុប្បន្ន អាចធ្វើដំណើរបានតែម៉ូតូនិងរថយន្តកែឆ្នៃប៉ុណ្ណោះ។ផ្លូវមួយខ្សែរនេះផងទៀត ជាសសៃឈាមយ៉ាងសំខាន់ សំរាប់ចរាចរណ៍ទៅមកនិងដឹកកសិផល។

មេឃុំស្រែខ្ទុមលោកប៊ុត សំអ៊ែល សំដែងការសោកស្តាយនៃការខូចខាតនេះ ។លោកបញ្ជាក់ថាដំណាក់កាលនៃការស្ថាបនាផ្លូវ គិតចាប់ពីផ្លូវជាតិលេខ៧៦ រហូតដល់ស្ពានត្រពាំងកំប្លោក មានចម្ងាយ២,៥kmក្នុងឆ្នាំ២០២២និងស្ពានសង់ឡើងឆ្នាំ២០២៣ ដោយសរុបផ្លូវត្រូវចាក់គ្រួសក្រហមនេះប្រវែង៥km គិតភ្ជាប់ជាមួយផ្លូវ១ខ្សែរទៀត ដែលគេដាំដើមប្រេងខ្យល់នោះ ។ លោកមេឃុំ ថវិការស្ថាបនាភ្លេចហើយទាល់តែ បើកមើលរបាយការ,លោកថា ការខូចខាតផ្លូវគឺដោយសារទឹកជន់លេច ឯការថែទាំរយៈពេល៦ខែនោះបានផុតទៅហើយ។

ទាក់ទិននិងសំរាម លោកមេឃុំ បានបញ្ជាក់ថាលោកតែងអប់រំប្រជាពលរដ្ឋក្បែរ នោះកុំអោយចោលសំរាមនិងតែងឃ្លាំមើលដែរ តែពួកគាត់នៅតែលួចយកសំរាម ទៅចោលបាន។

ជុំវិញការជួសជុលឡើងវិញ ថវិការឃុំស្រែខ្ទុមមិនមានឡើយ ដោយលោកមេឃុំបញ្ជាក់ថា និងគៀរគរអ្នកមានដីចម្ការតាមបណ្តោយផ្លូវនេះ យកមកជួសជុល ក្រោយចប់រដូវភ្លៀង៕

ដោយ|ចាន់បុត្រ|មណ្ឌលគិរី|Dap News

To Top