សម្តេចធិបតី ៖ ប្រធានាធិបតីបារាំង គាំទ្របទឈប់បាញ់រវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃដែលព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ កក្កដា កន្លងមកនៅប្រទេសម៉ាឡេស៊ី ។
ក្នុងឱកាសអនុញ្ញាតឲ្យលោក Olivier RICHARD ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលសម្តែងការគួរសម នាថ្ងៃទី១៩ កញ្ញា សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលបានគាំទ្រដល់បទឈប់បាញ់កន្លងមក និងបានជម្រាបអគ្គរដ្ឋទូត អំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ។
សម្តេចធិបតីគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីអនុសញ្ញា សទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ ។
ឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្ដេចបវរធិបតីវិញដែរថា លោកក៏បានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន និងរាយការណ៍អំពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំងជាប់ជាប្រចាំផងដែរ ៕


