អ្នកនាំពាក្យក្រសួងការងារ អំពាវនាវដល់យុវជន ចង់បានជំនាញមួយច្បាស់លាស់ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ខណៈអ្នកចុះឈ្មោះកើនឡើង ដល់ជាង ១៣ម៉ឺននាក់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ សូមអញ្ជើញចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ព្រោះជាការសិក្សារយៈពេលខ្លី ឆាប់ចប់ និងឆាប់ទទួលបានផល។ ការអំពាវនាវនេះ ស្របពេលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធជាង ១៣ម៉ឺននាក់ បានស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា បន្ទាប់ពីបានដាក់ឱ្យដំណើរការ កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមក មានអ្នកស្នើសុំចុះឈ្មោះចូលរៀនចំនួន ១៣៧ ៦៥៣នាក់។ ក្នុងនោះ មានសិស្សកំពុងសិក្សាចំនួន ៣៥ ៦៩២នាក់ និងសិស្សបានបញ្ចប់ការសិក្សាមានចំនួន ៥២ ៥២២នាក់។ ដោយឡែក សិស្សដែលបានទទួលការងារធ្វើបន្ទាប់ពីរៀនចប់មានចំនួន ២៥ ៩១៣នាក់។ នេះបើគិតត្រឹមខែសីហា ឆ្នាំ ២០២៥។

លោក ស៊ុន មេសា បានអំពាវនាវ ដល់យុវជន ជាពិសេសបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ សូមអញ្ជើញចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដើម្បីមានជំនាញមួយពិតប្រាកដ អាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង និងរក្សាបាននូវស្ថិរភាពការងារ, កំណើនផលិតភាព និងប្រាក់ចំណូលសមរម្យ ។

អ្នកនាំពាក្យដដែល ក៏បានជំរុញ ឱ្យមាតាបិតា និងអាណាព្យាបាល អនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់ ដោយសិក្ខាកាម សិស្ស និស្សិត មានឱកាសផ្សារភ្ជាប់ទ្រឹស្តី និងបទពិសោធនៃការអនុវត្តជាក់ស្ដែង។

គួររំលឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួនប្រមាណ ១លាន ៥សែននាក់ (រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធដែលត្រូវបង្កើនជំនាញ និងផ្លាស់ប្ដូរជំនាញ) ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ គឺត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សម្រាប់ជំនាញក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ រួមមាន៖ ការងារកំបោរ, ការដំឡើងគ្រឿងឈើសម្រេច, ការដំឡើងបណ្ដាញបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុអគារ, ការដំឡើងពុម្ព, ការដំឡើងសរសៃដែក, ការងារការ៉ូ, ការថែទាំ និងជួសជុលម៉ូទ័រអគ្គិសនី, ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, ការថែទាំ និងជួសជុលទូរសព្ទដៃ, ការជួសជុល និងថែទាំជណ្ដើរយន្ដ, ការបន្សីលោហៈ, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប), ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ដ, ការថែទាំ និងជួសជុលរថយន្ដ, សេវាកម្មធនធានមនុស្ស, សេវាកម្មរដ្ឋបាល, សេវាកម្មកុំព្យូទ័រ, សេវាកម្មអតិថិជន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកាត់សក់បុរស, ការវាស់ភ្នែក និងកាត់កញ្ចក់វែនតា និងសេវាកម្មសម្អាងកាយ ជាដើម៕
