ព័ត៌មានអន្តរជាតិ

ប៉ូឡូញបិទព្រំដែន ជាមួយបេឡារុស្ស បណ្តាលឱ្យគាំង ទំនិញរាប់ពាន់ លានដុល្លាររវាងចិន និងអឺរ៉ុប

RT News

បរទេស៖ ពាណិជ្ជកម្មឆ្លងទ្វីបអឺរ៉ាស៊ី ប្រឈមមុខនឹងភាពតានតឹងថ្មី នៅពេលនេះ ដែលប៉ូឡូញបានបិទព្រំដែនរបស់ខ្លួនជាមួយបេឡារុស្ស ដោយលើកឡើង ពីការព្រួយបារម្ភផ្នែកសន្តិសុខ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ការបិទនេះរំខានដល់ច្រករបៀងដែលជាធម្មតាមានចំណែក 90% នៃចរាចរដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសចិន និងសហភាពអឺរ៉ុប, នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Politico ។

ក្រសួងការបរទេសប៉ូឡូញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តបិទព្រំដែនគឺ “ទាក់ទងទៅនឹងសមយុទ្ធ Zapad-2025” របស់រុស្ស៊ី-បេឡារុស្ស ។ សមយុទ្ធយោធា ដែលបានធ្វើឡើងនៅថ្ងៃទី 12-16 ខែកញ្ញា គឺជាផ្នែកមួយនៃសមយុទ្ធទ្រង់ទ្រាយធំ ជាទៀងទាត់ដែលរៀបចំឡើង ដោយទីក្រុងម៉ូស្គូ និងទីក្រុង Minsk ប្រហែលរៀងរាល់បួនឆ្នាំម្តង។

ប៉ូឡូញបានពណ៌នាការធ្វើសមយុទ្ធនោះថា ជា «ការឈ្លានពានខ្លាំង» ហើយបានធ្វើនៅ «ជិតព្រំដែនប៉ូឡូញ» ។ ទីក្រុងមូស្គូបាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីទប់ទល់ការវាយប្រហារ ដោយប្រើប្រាស់មេរៀនពីជម្លោះអ៊ុយក្រែន។

ការបិទព្រំដែនបានរំខានដល់ច្រករបៀងផ្លូវដែកដ៏សំខាន់ដែលជាធម្មតាមានប្រហែល ២៥ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំនៅក្នុងចរាចរណ៍ទំនិញរវាងប្រទេសចិន និងសហភាពអឺរ៉ុប។ បច្ចុប្បន្នទំនិញទាំងអស់ត្រូវបានរារាំង រួមទាំងការដឹកជញ្ជូនដែលតម្រូវឱ្យដឹកឱ្យបានឆាប់រហ័ស ដូចជាថ្នាំ និងអាហារជាដើម៕
ប្រែសម្រួលៈ ណៃ តុលា

To Top