ព័ត៌មានជាតិ

អ្នកវិភាគថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារ អាចធ្វើឱ្យកម្មករទទួលយកបាន និងជួយរក្សាការវិនិយោគ

ភ្នំពេញ៖ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគបញ្ហាសង្គម បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៦ អាចធ្វើឱ្យកម្មករទទួលយកបាន ព្រមទាំងជួយរក្សានូវកំណើនវិនិយោគិនបន្ថែមទៀត ដើម្បីបង្កើតឱកាសការងារជូនដល់កម្មករនិយោជិត ការបន្តជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរឡើងប្រកបដោយភាពទាក់ទាញ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៦នេះ គឺកម្មករនិយោជិត និងនិយោជក ទទួលយកបានទាំងអស់គ្នា ហើយភាគីទាំងពីរនៅតែអាចទាញផលប្រយោជន៍ពីគ្នាទៅវិញទៅមកបានដដែល។

លោកបណ្ឌិតបន្តថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ កម្ពុជានៅតែអាចមានលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតបានដោយរលូន ខណៈដែលសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោកកំពុងមានបញ្ហាប្រឈម។ ការដំឡើងក្នុងកម្រិតនេះ គឺនឹងមិនមានបញ្ហាប៉ះពាល់ដល់ដំណើរការវិនិយោគនៅកម្ពុជានោះទេ។

ដោយលោកបណ្ឌិតបានបញ្ជាក់ថា៖«ខ្ញុំគិតថា វាមិនមានផលប៉ះពាល់ដល់ការវិនិយោគដល់វិនិយោគិននៅកម្ពុជានោះទេ ដោយសារប្រាក់ខែនេះ គឺជាប្រាក់ខែមួយក្នុងកម្រិតសមរម្យ ហើយដែលអាចធ្វើឱ្យវិនិយោគិនបរទេសនៅមានលទ្ធភាពបន្តការវិនិយោគរបស់ខ្លួននៅកម្ពុជា។ លើសពីនេះទៀត យើងអាចទាក់ទាញអ្នកវិនិយោគបន្ថែម ព្រោះបរិយាកាសធុរៈកិច្ចមានអំណោយផលល្អ បូករួមទាំងស្ថេរភាពនយោបាយផងដែរ»។

ចំណែកលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល ២១០ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៦ អាចធ្វើឱ្យកម្មករទទួលយកបាន ព្រមទាំងជួយរក្សានូវកំណើនវិនិយោគិនបន្ថែមទៀត។ លើសពីនេះ កម្មករនិយោជិតនឹងកាន់តែមានភាពជឿជាក់ទៅលើរាជរដ្ឋាភិបាល ដែលបានដំឡើងប្រាក់ឈ្នួលជូនពួកគាត់ជារៀងរាល់ឆ្នាំ។

លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅរក្សាការងារ និងប្រាក់ចំណូលរបស់កម្មករនិយោជិតទាំងអស់ ដើម្បីធានាបាននូវស្ថេរភាពការងារ និងការវិនិយោគនៅកម្ពុជា។

លោក ថុង ម៉េងដាវិត បានបញ្ជាក់ថា៖ «បើទោះបីជាការដំឡើងប្រាក់ឈ្នួលមិនបានច្រើនលើសលុបទៅតាមនូវអ្វីដែលកម្មករចង់បាន ប៉ុន្ដែយើងនៅតែសាទរចំពោះការដំឡើងនេះ វាជាចំណុចវិជ្ជមាន និងជាឆន្ទៈក្នុងការជួយសម្រួលដល់ជីវភាពកម្មករពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ បានប្រឹងប្រែងយ៉ាងខ្លាំងដែលជំរុញឱ្យមានយន្តការចរចាប្រាក់ឈ្នួលប្រចាំឆ្នាំបែបនេះ»។

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៦។

តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។

យោងលើរបាយការណ៍ និងការពិភាក្សាបន្ថែមជាមួយភាគីពាក់ព័ន្ធ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ដុល្លារអាម៉េរិក លើតួលេខ ២០៨ ដុល្លារអាម៉េរិករបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ មានចំនួន ២១០ដុល្លារអាម៉េរិកក្នុងមួយខែ ហើយនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។ ប្រសិនបើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត បងប្អូនកម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ដុល្លារអាម៉េរិកដល់ ២៣៨ដុល្លារអាម៉េរិកក្នុងមួយខែ៕

To Top