ប្រមុខក្រសួងមហាផ្ទៃ ដាក់កន្ត្រកផ្កាអបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃកម្ពុជា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ដាក់កន្ត្រកផ្កាអបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ សួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។

សូមរំលឹកថា នៅថ្ងៃទី២៤ ខែកញ្ញា នេះ គឺជាខួបទី ៣២ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៥)។

ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើង បានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ៕






