ព័ត៌មានជាតិ

ក្រុមការងារសម្របសម្រួលកម្ពុជា-ថៃប្រកាសសមាសភាពក្រុមការងារ និងផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ

ភ្នំពេញ ៖ លទ្ធផលកិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ(Joint Coordinating Task Force – JCTF) កម្ពុជា-ថៃលើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន បានប្រកាសពីសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ(SOP)

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា លទ្ធផលកិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅតាមប្រព័ន្ធ VTC ដោយបានបញ្ចប់នៅម៉ោង ១០ និង៤០នាទី បានធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ(SOP) សម្រាប់ដំណើរការការងាររបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។

ក្នុងកិច្ចប្រជុំនេះ សហប្រធានភាគីកម្ពុជានៃក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក៏បានបញ្ជាក់ផងដែរថា រាល់សកម្មភាពដោះមីនមនុស្សធម៌មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរឡើយ ដែលកិច្ចការងារព្រំដែននេះស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) កម្ពុជា-ថៃ ។

គួររំលឹកផងដែរថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងស្របតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា៕

To Top