ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចោទប្រទេសឥណ្ឌា និងចិនថា បានផ្តល់មូលនិធិ ដល់ជម្លោះអ៊ុយក្រែន

បរទេស៖ អំឡុងពេលលោកថ្លែងសុន្ទរកថា នៅឯមហាសន្និបាតអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រទេសឥណ្ឌា និងចិនថា “ផ្តល់មូលនិធិ” ដល់ជម្លោះអ៊ុយក្រែន តាមរយៈការនាំចូលថាមពលពីរុស្ស៊ី ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមក លោក ត្រាំ ធ្លាប់បានអះអាងក្នុងការពេញចិត្ត ចំពោះការដាក់ទណ្ឌកម្មបន្ទាប់បន្សំ លើប្រទេសនានាដែលរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងម៉ូស្គូ ដើម្បីបង្កើនសម្ពាធផ្នែកហិរញ្ញវត្ថុលើប្រទេសរុស្ស៊ី។ ទាំងទីក្រុងប៉េកាំង និងទីក្រុងញូវដែលី បានថ្កោលទោសវិធីសាស្រ្តរបស់សហរដ្ឋអាមេរិកថា មិនអាចទទួលយកបាន ហើយបដិសេធមិនព្រមចុះចាញ់ នឹងសម្ពាធរបស់អាមេរិកឡើយ។

លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអង្គារថា៖ «ចិន និងឥណ្ឌាគឺជាអ្នកផ្តល់មូលនិធិចម្បងនៃសង្គ្រាម ដែលកំពុងបន្តដោយការបន្តទិញប្រេងពីរុស្ស៊ី»។

ប្រធានាធិបតីអាមេរិកក៏បានចំអកដល់ សមាជិកណាតូដែលបន្តនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីដោយនិយាយថា ពួកគេស្ទើរតែ “ផ្តល់មូលនិធិសម្រាប់សង្គ្រាមប្រឆាំងនឹងខ្លួនឯង” ដោយការទិញថាមពលពីរុស្ស៊ី ខណៈពេលដែល “ប្រយុទ្ធជាមួយរុស្ស៊ី” ក្នុងពេលតែមួយ។

ប្រែសម្រួលៈ ណៃ តុលា

To Top