ហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សា នៅរមណីយដ្ឋានអង្គរ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសឲ្យសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សានៅរមណីយដ្ឋានអង្គរ។
បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឲ្យមានភ្លៀងធ្លាក់ជញ្ជាំ ផ្គរ រន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឲ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួននៃរមណីយដ្ឋានអង្គរ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកបើកបរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងអំឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្តាលឲ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ៕
