ព័ត៌មានជាតិ

ក្រសួងព្រះបរមរាជវាំង បញ្ជាក់ពីព្រះរាជសុខភាព​ របស់សម្តេចព្រះមហាក្សត្រី ដែលកំពុងសម្រាក់ នៅមន្ទីរពេទ្យនៅប្រទេសចិន

ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបជាព័ត៌មានថា ៖ យោងតាមសេចក្តីសូមយាងពី ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងជាព្រះកិត្តិយសក្នុងពិធីរំឭកខួប លើកទី៨០ ទិវាជ័យជម្នះ នៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ។

ក្នុងពេលបច្ចុប្បន្ននេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គកំពុង គង់ប្រថាប់នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន តាមសំណូមពររបស់ថ្នាក់ដឹកនាំមិត្តចិន និងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាពតាមពេលវេលាដែលពេទ្យបានកំណត់ ។ ពេលនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានព្រះជន្មច្រើន និងព្រះប្រឈួន ក្រុមគ្រូពេទ្យថ្វាយព្រះអង្គសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាល ព្រះរាជសុខភាព។ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាថ្វាយបានល្អណាស់ មកដល់បច្ចុប្បន្ន សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងគង់ប្រថាប់នៅ មន្ទីរពេទ្យនៅឡើយ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជហឫទ័យ នឹករឭកដល់បងប្អូនប្រជារាស្ត្រជាកូនចៅ ចៅទូតរបស់ព្រះអង្គ នៅទូទាំងប្រទេស។ ជាពិសេស ព្រះអង្គ ទាំងទ្វេតែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន និងយុទ្ធនារី នៅតាមព្រំដែន និងប្រជារាស្ត្រ ដែលកំពុងជួបទុក្ខលំបាក ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមប្រទានពរជ័យ សិរីមង្គល ជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាត
ឡើយ ៕

To Top