ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ អំពាវនាវកងកម្លាំងប្រដាប់អាវុធ បន្តការពាររដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពលរដ្ឋ

តាកែវ ៖ ក្នុងថ្ងៃអបអរខួប ៣២ឆ្នាំ នៃ «ទិវាប្រកាសរដ្ឋធម្មនុញ» លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវធ្វើយ៉ាងណាការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសការពារប្រជាពលរដ្ឋ ឲ្យបានជាដាច់ខាត។

នៅចំពោះកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្នុងឱកាសនាំយកនំអម្សម គ្រឿងហូបចុក និងថវិកាមួយចំនួន យកទៅចែកជូនដល់កម្លាំងកងរាជអាវុធហត្ថ នាយ នាយទាហានរង និងពលទាហាន នាយនគរបាល ពលនគរបាល កំពុងឈជើងការពារ តាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តតាកែវ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីបញ្ជាការវរៈការពារព្រំដែនកំពង់ក្រសាំង លោក អភិបាលខេត្ត បានលើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មានភាពរឹងមាំក្នុងរយៈពេល ៣២ឆ្នាំកន្លងមកនេះ ដោយសារកងកម្លាំង ប្រដាប់អាវុធបានជួយទ្រទ្រង់ការពារ។

លោក អភិបាលខេត្ត បន្ដថា នៅពេលរដ្ឋធម្មនុញ្ញរឹងមាំ នឹងនាំឲ្យប្រទេសមានស្ថិរភាព រាជរដ្ឋាភិបាល មានឱកាសក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត ។

លោក អភិបាលខេត្ត ក៏បានប្រាប់កង កម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យជឿជាក់លើកការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ទៅលើការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដោយរាជរដ្ឋាភិបាល នឹងមិនធ្វើឲ្យបាត់បង់ទឹកដី ហើយក៏មិនចង់បានទឹកដីពីប្រទេសណាដែរ៕

To Top