ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អាហ្វ្រិកខាងត្បូង​ អំពាវនាវឲ្យមានការរួបរួមគ្នា ប្រឆាំងនឹងការគម្រាមកំហែង របស់សកលលោក

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានអំពាវនាវឱ្យសហគមន៍ អន្តរជាតិ ធ្វើសកម្មភាពបន្ទាន់ និងឯកភាពគ្នា ដើម្បីប្រឈមមុខ នឹងវិបត្តិជាសកលជាច្រើន ដែលលោកបានព្រមានថា កំពុងគំរាមកំហែងដល់សន្តិភាព ការអភិវឌ្ឍន៍ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ថ្លែងសុន្ទរកថានៅក្នុងកិច្ចពិភាក្សាទូទៅ នៅសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ លោក Ramaphosa បានផ្តល់នូវការអំពាវនាវ សម្រាប់កំណែទម្រង់ពហុភាគី យុត្តិធម៌អាកាសធាតុ សមភាពសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងតំបន់ ដែលញាំញីដោយជម្លោះ។

លោកRamaphosa បានប្រាប់មេដឹកនាំពិភពលោកថា តំណែងជាប្រធាន G20 របស់អាហ្រ្វិកខាងត្បូងក្នុងឆ្នាំ២០២៥ ត្រូវបានដឹកនាំដោយប្រធានបទ ៖ សមភាព សាមគ្គីភាព និងនិរន្តរភាពហើយថាវាផ្តល់ នូវឱកាសមួយឲ្យតួនាទីអាហ្វ្រិកឡើងវិញ នៅក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក។

លោកក៏​បាន​ព្រមានដែរ​ថា បម្រែបម្រួល​អាកាសធាតុ​នៅ​តែ​បន្ត​បញ្ច្រាស​ការ​ទទួល​បាន​នៃ​ការ​អភិវឌ្ឍ ជាពិសេស​នៅ​ក្នុង​សកលលោក​ខាង​ត្បូង ។ លោកបាននិយាយថា ៖ ទោះបីជាទ្វីបអាហ្រ្វិក មានទំនួលខុសត្រូវ តិចតួចបំផុតសម្រាប់ការប្រែប្រួលអាកាសធាតុក៏ដោយ ក៏ប្រទេសជាច្រើននៅលើ ទ្វីបជួបប្រទះនូវផលប៉ះពាល់ ដ៏អាក្រក់បំផុតរបស់វាដែរ ។

លោកប្រធានាធីបតីថែមទាំង ​បាន​ចង្អុល​បង្ហាញ​ពី​វិបត្តិ​បំណុល​ ដែល​កំពុង​ប្រឈម​មុខ​នឹង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន។ លោកបានមានប្រសាសន៍ថា ៖ប្រទេសជាច្រើនដែលមានសេដ្ឋកិច្ច កំពុងអភិវឌ្ឍន៍ ជាពិសេសនៅអាហ្វ្រិក និងសកលលោកខាងត្បូង មិនមានដើមទុនគ្រប់គ្រាន់ សម្រាប់ផ្តល់ហិរញ្ញប្បទាន ដល់គោលដៅអភិវឌ្ឍន៍របស់ពួកគេទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top