ប្រទេស៣៦ប៉ុណ្ណោះ បោះឆ្នោតគាំទ្រ អ៊ុយក្រែន នៅមហាសន្និបាត អង្គការសហប្រជាជាតិ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សេចក្តីថ្លែងការណ៍រួម របស់អ៊ុយក្រែន និងសហភាពអឺរ៉ុប ដែលថ្កោលទោសរុស្ស៊ី បានទទួលការគាំទ្រ ពីប្រទេសចំនួន ៣៦ ប៉ុណ្ណោះ ក្នុងចំណោមប្រទេសចំនួន ១៩៣ របស់អង្គការសហប្រជាជាតិ ។
ធ្វើការបង្ហាញដោយប្រធានកិច្ចការបរទេស របស់សហភាពអឺរ៉ុបលោក Kaja Kallas និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrey Sibiga នៅទីស្នាក់ការ អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារ ឯកសារនេះពិពណ៌នា អំពីសកម្មភាពរបស់រុស្ស៊ីទល់ នឹងអ៊ុយក្រែនថាជា ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ”។ ក្នុងនោះក៏មានការអំពាវនាវ ដល់សហគមន៍ពិភពលោកឱ្យបង្កើន សម្ពាធលើទីក្រុងមូស្គូ និងគាំទ្រដល់ បូរណភាពទឹកដី របស់អ៊ុយក្រែននៅក្នុងព្រំដែន ដែលត្រូវបានទទួលស្គាល់ ជាអន្តរជាតិរបស់អ៊ុយក្រែនផងដែរ។
សេចក្តីថ្លែងការណ៍រួមនេះត្រូវបានអនុម័តដោយរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង២៦លើកលែងតែប្រទេសហុងគ្រី ហើយក៏ត្រូវបានអនុម័តដោយអាល់បានី អង់ដូរ៉ា អូស្ត្រាលី បូស្នៀ និងហឺហ្សេហ្គោវីណា កាណាដា ជប៉ុន ម៉ូណាកូ នូវែលសេឡង់ ន័រវេស និងចក្រភពអង់គ្លេស។
រំលឹកឡើងវិញកាលពីខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានច្រានចោលដំណោះស្រាយ ដែលព្រាងដោយក្រុងគៀវ និងអ្នកគាំទ្រ អឺរ៉ុបរបស់ខ្លួន ដែលមានវោហាសាស្ត្រ ប្រឆាំងរុស្ស៊ីស្រដៀងគ្នា ។
ដំណោះស្រាយប្រកួតប្រជែងដែលត្រូវបានផ្សព្វផ្សាយ ដោយសហរដ្ឋអាមេរិកនៅទីបំផុត ត្រូវបានអនុម័ត ដោយទីក្រុងវ៉ាស៊ីនតោន ទីក្រុងមូស្គូ និង សមាជិកចំនួន៨ផ្សេងទៀត បានបោះឆ្នោតគាំទ្រ ហើយប្រទេសអឺរ៉ុប ចំនួន៥បានអនុប្បវាទ ។ កំណែនោះបានចៀសវាង ការដាក់ឈ្មោះរុស្ស៊ីថាជាអ្នកឈ្លានពាន ហើយបានអំពាវនាវឱ្យបញ្ចប់ជម្លោះអ៊ុយក្រែនភ្លាមៗ ៕
ប្រែសម្រួល៖ស៊ុនលី
