ព័ត៌មានជាតិ

៣ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ អ្នកដំណើរលើផ្លូវល្បឿនលឿនកើនឡើង ខណៈគ្រោះថ្នាក់បានថយចុះ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ អ្នកដំណើរលើផ្លូវល្បឿនលឿនកើនឡើង ហើយគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះផងដែរ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៥ កញ្ញានេះ លោក ផន រឹម បានគូសបញ្ជាក់ថា «ទិន្នន័យចរាចរណ៍ លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ (២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥) ធៀបឆ្នាំ២០២៤ ថ្ងៃទី១ ចំនួនចរាចរណ៍ មានចំនួន ២០ ១១៦ គ្រឿង កើនឡើងចំនួន ២ ៦៨១ គ្រឿង ស្មើនឹង ១៥,៣៧%។ ថ្ងៃទី២ ចំនួនចរាចរណ៍ មានចំនួន ១៨ ៣៦៦ គ្រឿង កើនឡើងចំនួន ៣៦០ គ្រឿង ស្មើនឹង ២%។ ថ្ងៃទី៣ ចំនួនចរាចរណ៍ មានចំនួន ២៣ ៨០៩ គ្រឿង កើនឡើងចំនួន ៧៦១ គ្រឿង ស្មើនឹង ៣,៣0%។

លោក អ្នកនាំពាក្យ បន្ដថា សរុប៣ថ្ងៃ ចំនួនចរាចរណ៍ សរុប ៦២ ២៩១ គ្រឿង កើនឡើងចំនួន ៣ ៨០២ គ្រឿង ស្មើនឹង ៦,៥%។

ចំពោះ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ៖ ថ្ងៃទី១ មាន ១ករណី ដូចគ្នានឹងឆ្នាំ២០២៤។ ថ្ងៃទី២ មានចំនួន ២ករណី ថយចុះ ១ករណីធៀបឆ្នាំ២០២៤ ។ ថ្ងៃទី៣ មានចំនួន ២ករណី ដូចគ្នានឹងឆ្នាំ២០២៤។

លោក អ្នកនាំពាក្យ បន្ថែមថា សរុប៣ថ្ងៃ មានចំនួន ៥ករណី ថយចុះ ១ករណី(មិនមានអ្នករបួស និងអ្នកស្លាប់)៕

To Top