ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ថ្កោលទោស​ការ​ហាមប្រាម​ របស់​​អាមេរិក​លើ​មន្ត្រី​ការទូត​របស់​ខ្លួន​ នៅ​ក្នុង​សន្និបាត​អង្គការសហប្រជាជាតិ

តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់​ បានថ្កោលទោស ការរឹតបន្តឹង របស់សហរដ្ឋអាមេរិក លើមន្ត្រីការទូតរបស់ខ្លួន ដែលចូលរួមសម័យប្រជុំលើកទី៨០ នៃមហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដោយបានហៅថា ជាការប៉ុនប៉ង​ ដើម្បីរារាំងការចូល រួមរបស់ទីក្រុងតេអេរ៉ង់ ក្នុងកិច្ចការការទូតពហុភាគី។

អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានឧ្យដឹងនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា វិធានការនេះស្មើនឹង “ការយាយីជាប្រព័ន្ធ” ហើយបានរារាំងគណៈប្រតិភូអ៊ីរ៉ង់​ ពីការចូលរួមក្នុងព្រឹត្តិការណ៍ ជាច្រើនដែលធ្វើឡើងនៅខាងក្រៅ តំបន់ដែលមានកំណត់​ ដែលពួកគេត្រូវ បានគេអនុញ្ញាតឱ្យផ្លាស់ទី។

លោក Baghaei បានសរសេរថា “គោលបំណងពិតប្រាកដ នៅពីក្រោយការរឹតបន្តឹងកាន់តែខ្លាំងឡើង ដែលដាក់ដោយរដ្ឋបាល សហរដ្ឋអាមេរិក លើអ្នកការទូតអ៊ីរ៉ង់ និងអ្នកនៅក្នុងទីក្រុងញូវយ៉ក គឺដើម្បីបង្អាក់ដំណើរ ការការទូតរបស់អ៊ីរ៉ង់​ នៅក្នុងអង្គការសហប្រជាជាតិ” ។

ក្រសួងការបរទេសអាមេរិកបានឧ្យដឹងថា ការទប់ស្កាត់ជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែង​ ដើម្បីរក្សា “សម្ពាធអតិបរមា” លើទីក្រុងតេអេរ៉ង់ ដោយដាក់កំហិត ដល់ការចូលដំណើរការ របស់គណៈប្រតិភូអ៊ីរ៉ង់ទៅកាន់ហាង និងទីកន្លែងមួយចំនួន រួមទាំងក្លឹបលក់ដុំ និងហាងលក់ទំនិញ ប្រណីតផងដែរ។

លោក Baghaei បានបន្ដថាការទប់ស្កាត់​ ដែលគាត់បានពិពណ៌នាថាជា “ការរឹតបន្តឹងថោក” បានរំលោភលើកាតព្វកិច្ច របស់ទីក្រុងវ៉ាស៊ីនតោន ក្រោមកិច្ចព្រមព្រៀង ទីស្នាក់ការអង្គការសហប្រជាជាតិ ហើយថែមទាំងប៉ះពាល់ ដល់សមត្ថភាព របស់ប្រតិភូក្នុងការទិញ ទំនិញផងដែរ ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top