ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ស្នើថៃចូលរួមជាមួយកម្ពុជាដោះស្រាយព្រំដែនដោយសន្តិវិធី កុំពង្រីកវិវាទ

ភ្នំពេញ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើភាគីថៃចូលរួមជាមួយកម្ពុជា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវស្មារតី នៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានប្រគល់ភារកិច្ចឲ្យអភិបាល ខេត្តបន្ទាយមានជ័យ និងស្រះកែវ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី កុំពង្រីកវិវាទនិងភាពតានតឹង ។ នេះបើតាមការចេញផ្សាយរបស់AKP ។

លទ្ធផលកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចទី ៨.១ បានប្រគល់ភារកិច្ចឱ្យខេត្តបន្ទាយមានជ័យ របស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំង ផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់ សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយ របស់គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

ការស្នើរបស់លោក អ៊ុំ រាត្រី នេះ ក្រោយមិន មានការឆ្លើយតបពីអភិបាលខេត្តស្រះកែវ ចំពោះលិខិតអញ្ជើញ របស់លោកកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជួបប្រជុំពិភាក្សាការងារ រវាងរដ្ឋបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវទាក់ទងនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងភូមិណងយ៉ាកែវ ឃុំគោកស៊ូង និងភូមិណងចាន់ ឃុំណងម៉ាក់មូន ស្រុកគោកស៊ូង ខេត្តស្រះកែវដែលតាមគម្រោង នឹងធ្វើឡើងនាថ្ងៃ២៥ កញ្ញា ។

អភិបាលខេត្តបន្ទាយមានជ័យថ្លែងនៅព្រឹកថ្ងៃទី២៥ កញ្ញាថា អ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ នៃរដ្ឋបាលខេត្តស្រះកែវ និងព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួនមកបកស្រាយប្រាស់ចាកពីការពិត។ ទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូស នៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់បង្គោលព្រំដែនលេខ៤៧ នេះក៏ដោយ ក៏អាចសង្កេតឃើញថា ការអង្កេតនៅលើដីជាក់ស្តែងបានបញ្ជាក់ច្បាស់ថាមានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញផងដែរ។

លោកបន្តថា បញ្ហាទាំងអស់នេះបង្ហាញ ឱ្យឃើញពីភាពស្មុគស្មាញ និងការលំបាកនៅក្នុងការងារ ដោះស្រាយបញ្ហាព្រំដែនដែលទាមទារ ឱ្យគោរពទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ក្នុងន័យនេះ លោកស្នើឱ្យភាគីថៃចូលរួមជា មួយកម្ពុជាអនុវត្តឱ្យ បានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC)។

លោក អ៊ុំ រាត្រី គូសបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានសិទ្ធិ សម្រេចលើបញ្ហាបូរណភាពទឹកដីនេះទេ ។ ប៉ុន្តែលោកថា រដ្ឋបាលខេត្តបន្ទាយមានជ័យប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបានព្រមព្រៀងរវាងប្រទេសទាំងពីរ ដែលបានឯកភាពគ្នា ជាពិសេសដំណោះស្រាយដែលនឹងត្រូវសម្រេចដោយ GBC និង JBC ដែលជាយន្តការមានសមត្ថកិច្ចលើកិច្ចការព្រំដែន ស្របតាម MoU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញា រវាងប្រទេសទាំងពីរ ។ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានសំណូមពរ អភិបាលខេត្តស្រះកែវ ចូលរួមដឹកនាំសម្របសម្រួល ជាមួយគ្នាឱ្យបានជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍ នៅទីតាំងផ្ទាល់ដោយសន្តិវិធី និងចៀសវាងរាល់សកម្មភាព ដែលអាចនាំឱ្យមានការ ពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ៕

To Top