រដ្ឋមន្ត្រីទេសចរណ៍ ស្នើក្រុមហ៊ុនទេសចរណ៍ជប៉ុន បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើន

ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. បន្តជួយ និងបង្កើនភ្ញៀវទេសចរជប៉ុន មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនបន្ថែម។

ការស្នើរបស់ លោករដ្ឋមន្ដ្រី ហួត ហាក់ នាឱកាសអញ្ជើញគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានជួបពិភាក្សា និងទទួលមតិសំណូមពរនានា ពីក្រុមហ៊ុនទេសចរណ៍ជប៉ុន MS Tourist Ltd. តំណាងដោយលោក TOMOJI ABE នៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចការងារ ចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០២៥ និងកិច្ចប្រជុំតុមូល ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍។

ក្នុងឱកាសជំនួបនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះការចូលរួមដ៏សកម្មរបស់ ក្រុមហ៊ុនរហូតមក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា និងការនាំភ្ញៀវទេសចរជប៉ុន មកទស្សនានៅកម្ពុជា ក្នុងចំនួនគួរឱ្យកត់សំគាល់ កន្លងមក ។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្រ្ទី ក៏បានគូសបញ្ជាក់ថា សំណូមពរ និងមតិរបស់ក្រុមហ៊ុន ត្រូវបានប្រមូលជាធាតុចូលដ៏ល្អ ដើម្បីដាក់បញ្ជូលក្នុងវិធានការ របស់ក្រសួងលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែប្រសើរឡើង ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជប៉ុន និងអន្តរជាតិ មកទស្សនាកម្ពុជា ឱ្យកាន់តែច្រើនឡើង បន្ថែមពីលើចំនួនដែលទទួលបានភ្ញៀវទេសចរជប៉ុនជាង ៧៣.០០០នាក់ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៥ នេះ ៕
