ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិត​ជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋ​កិច្ច (UME) ខេត្តកំពង់ចាម

កំពង់ចាម ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រកម្រិត បរិញ្ញបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សតជ័យលាភី ចំនួន ២,២២៣នាក់ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តកំពង់ចាម ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរនិស្សិតជ័យលាភីទាំងអស់ បានយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានជោគជ័យ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុក ដាក់បំពេញភារកិច្ចការងារ របស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងដៃគូសហប្រតិបត្តិការទាំងអស់នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម ចំពោះការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ កិត្តិយស និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។

រាជរដ្ឋាភិបាល សង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងយកចំណេះដឹងដែលទទួលបានពីសាលារៀន ទៅអនុវត្តការងារជាក់ស្តែង ក្នុងវិស័យនីមួយៗ និងត្រូវធ្វើឱ្យបាន ការប្រែក្លាយសញ្ញាបត្រទៅជាសញ្ញាឃើញនៅគ្រប់អង្គភាពដែលក្មួយៗបម្រើការ ត្រូវខិតខំពុះពារ ជម្នះរាល់ឧបសគ្គក្នុងការបំពេញកិច្ចការ ដើម្បីកសាងខ្លួនឱ្យស័ក្ដិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើប្រកប ដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ ដោយត្រូវចងចាំថា មានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះ នូវផ្នត់គំនិតឱ្យរីកចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរខេត្តកំពង់ចាម ឈរក្នុងលំដាប់ទី៦ ដែលមាន ចំនួនសិស្សនិទ្ទេស A ច្រើន ក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡងកន្លងទៅថ្មីៗនេះ ជាមួយអត្រាប្រឡងជាប់ចំនួន ៨២,៨% ស្មើនឹង ៧៧៥០នាក់ ដែល ក្នុងនោះ មានសិស្សនិទ្ទេស A ចំនួន ១៤១ នាក់ ។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែង ការពារបូរណភាពទឹកដីកម្ពុជា ឱ្យគង់វង្សស្ថិតស្ថេរ ធានាសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋកម្ពុជា៕

To Top