ប្រភពសំខាន់ចំនួនពីរថា អ្នកជំនាញខាងយន្តហោះគ្មានមនុស្សបើករបស់ចិន បានធ្វើការជាមួយក្រុមហ៊ុនផលិតអាវុធដែលរងទណ្ឌកម្មរបស់រុស្ស៊ី

បរទេស៖ យោងតាមមន្ត្រីសន្តិសុខអឺរ៉ុបពីររូប និងឯកសារដែលឃើញដោយសារព័ត៌មាន Reuters បានឱ្យដឹងថា អ្នកជំនាញខាងយន្តហោះគ្មានមនុស្សបើករបស់ចិនបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីធ្វើការអភិវឌ្ឍន៍បច្ចេកទេសលើយន្តហោះគ្មានមនុស្សបើកយោធានៅរោងចក្រផលិតអាវុធរបស់រដ្ឋដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
យោងតាមសារព័ត៌មាន Global Bank and Finance បានឱ្យដឹងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា អ្នកជំនាញចិនបានទៅក្រុមហ៊ុនផលិតសព្វាវុធ IEMZ Kupol ក្នុងឱកាសជាងពាក់កណ្តាល ចាប់តាំងពីត្រីមាសទីពីរនៃឆ្នាំមុន។ ក្នុងអំឡុងពេលនោះ Kupol ក៏ទទួលបានការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកវាយប្រហារ និងឃ្លាំមើលដែលផលិតដោយចិន តាមរយៈអន្តរការីរុស្ស៊ីផងដែរ, នេះបើយោងតាមឯកសារ និងមន្ត្រីពីរនាក់របស់អឺរ៉ុប។
កាលពីខែកញ្ញាឆ្នាំមុន Reuters បានចងក្រងឯកសារថា ក្រុមហ៊ុនផលិតអាវុធ Kupol បានបង្កើត Drone ថ្មីមួយឈ្មោះថា Garpiya-3 នៅក្នុងប្រទេសចិន ដោយមានជំនួយពីអ្នកឯកទេសក្នុងស្រុក។ ឥឡូវនេះ ទីភ្នាក់ងារសារព័ត៌មាន គឺជាអ្នកដំបូងគេដែលរាយការណ៍ពីព័ត៌មានលម្អិតជាក់លាក់នៃការចូលរួមយ៉ាងទូលំទូលាយរបស់អ្នកជំនាញចិនក្នុងការសាកល្បង និងការងារបច្ចេកវិទ្យាលើយន្តហោះគ្មានមនុស្សបើកដែលប្រើប្រាស់សម្រាប់យោធានៅក្នុងប្រទេសរុស្ស៊ី។
ទាំងមន្ត្រី និងអង្គភាពរបស់ពួកគេ ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណដោយសារតែភាពរសើបនៃព័ត៌មាននោះ បាននិយាយថា កិច្ចសហការនេះស្នើឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងក្រុមហ៊ុន Kupol និងក្រុមហ៊ុនចិនក្នុងការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ដែលបង្ហាញថា មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា
