ព័ត៌មានអន្តរជាតិ

គោលនយោបាយស្វ័យភាព និងបើកចំហបានដឹកនាំតំបន់ ស៊ីនជាំង ឆ្ពោះទៅរកវិបុលភាព

ការអនុវត្តគោលនយោបាយ ស្របតាមលក្ខខណ្ឌក្នុងតំបន់ ជាលក្ខណៈពិសេស នៃអភិបាលកិច្ចតាមបែបផែនចិន តួយ៉ាងដូចជាការបង្កើតតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់រដ្ឋបាលពិសេសម៉ាកាវ ព្រមទាំងភូមិភាគស្វយ័ត ស៊ីនជាំង , ស៊ីចាំង , ក្វាងស៊ី , នីងស្យា និងម៉ុងហ្គោលីក្នុង ដែលបានអនុវត្ត គោលនយោបាយស្វ័យភាព ក្នុងការធ្វើអភិបាលកិច្ច តាមការណែនាំ របស់រដ្ឋាភិបាលមជ្ឈិមចិន ។

ប្រទេសចិនមានជនជាតិភាគតិចចំនួន ៥៥ ជនជាតិ ទីតំបន់ដែលមានបណ្តុំជនជាតិ ភាគតិចណាមួយរស់នៅច្រើន ក៏បានបង្កើតជាភូមិភាគស្វយ័ត ស្រុកស្វយ័តឬមណ្ឌលស្វយ័តជាដើម ដើម្បីងាយស្រួល ក្នុងការធ្វើអភិបាលកិច្ច ។ ក្នុងចំណោមនោះ សមិទ្ធផលដ៏អស្ចារ្យ នៃភូមិភាគស្វយ័ត ស៊ីនជាំង ក្នុងរយៈពេល ៧០ ឆ្នាំ អាចនិយាយបានថា ជាគំរូដ៏ជោគជ័យ នៃការអនុវត្តគោលនយោបាយស្វ័យភាពរបស់រដ្ឋាភិបាលមជ្ឈិមចិន ។

រយៈពេល ៧០ ឆ្នាំ ផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ១៦០០ ដង , អាយុរំពឹងរស់របស់ប្រជាជនឡើងដល់ ៧៨.៥ ឆ្នាំ , បរិមាណផលិតសំឡីកប្បាសស្មើនឹង ៩២.២% នៃទូទាំងប្រទេស , ព្រលានយន្តហោះចំនួន ២៨ កន្លែង ដែលជាចំនួនច្រើនជាងគេក្នុងប្រទេស , ទំហំដីរហោឋានកម្មបានកាត់បន្ថយចំនួន ១៩៥៦ គីឡូម៉ែត្រការ៉េ , មួយឆ្នាំទទួលបានភ្ញៀវទេសចរ ៣.៥ រយលាននាក់ ជាមួយនឹងប្រាក់ចំណូលខាងវិស័យ ទេសចរណ៍ ៣២០ ប៊ីលានយាន់ប្រាក់ចិន ។ល។ តួលេខទាំងនេះ បានប្រាប់ទៅកាន់ពិភពលោកថា ភូមិភាគស្វយ័ត ស៊ីនជាំង មិនមែនជាតំបន់ទីទ័លក្រ និងដាច់ស្រយាលទៀតទេ ។

តើកត្តាអ្វីដែលជំរុញឱ្យតំបន់ ស៊ីនជាំង ទទួលបានការអភិវឌ្ឍបែបលោតផ្លោះ ដ៏អស្ចារ្យពីបាតដៃទទេ ទៅកាន់ភាពរុងរឿងថ្កុំថ្កើង ? និយាយដល់តំបន់ ស៊ីនជាំង គេតែងនឹកឃើញដល់រឿង តំណាលអំពីលោកតា Kurban Tulum ជាជនជាតិ វៃវូអឺ នៅ ស៊ីនជាំង ដែលគិតចង់ជិះសត្វលា ចេញដំណើរពីតំបន់ ស៊ីនជាំង ទៅកាន់ទីក្រុងប៉េកាំងដែលមានគម្លាតពីគ្នារាប់ពាន់គីឡូម៉ែត្រ ដើម្បីសួរសុខទុក្ខលោកប្រធាន ម៉ៅ សេទុង ។ កាលនោះគឺឆ្នាំ ១៩៥៥ លោកតា Kurban Tulum មានវ័យ ៧២ ឆ្នាំ ។ រឿងនេះឆ្លុះបញ្ចាំង ពីទិដ្ឋភាពក្រលំបាក នាសម័យសង្គមចាស់នៅ ស៊ីនជាំង ក៏ដូចជានៅទូទាំងប្រទេសចិន ។ កាលនោះ លោកតា Kurban Tulum ប្រហែលជាគិតស្មានមិនដល់ទេថា នា ៧០ ឆ្នាំក្រោយ ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ ស៊ីនជាំង មានការផ្លាស់ប្តូរដូចមេឃនិងដី ពោល គឺបណ្តាញគមនាគមន៍ផ្លូវគោក និងផ្លូវអាកាសបានគ្របដណ្តប់គ្រប់ទិសទី ។ ប្រជាពលរដ្ឋជិះយន្តហោះចេញដំណើរពីស្រុកនានានៃ ស៊ីនជាំង ពីពេលល្ងាច លុះពេលយប់ក៏អាចទៅដល់ក្រុងប៉េកាំង ។
កាលនោះ ការធ្វើដំណើរ ទៅមកក្នុងតំបន់ ស៊ីនជាំង ដែលមានទំហំផ្ទៃដីស្មើនឹង ១ភាគ៦ នៃទំហំផ្ទៃដីគោកសរុប របស់ប្រទេសចិនគឺត្រូវប្រើពេលរាប់ខែ កុំថាឡើយតែការធ្វើដំណើរទៅកាន់ខេត្ត-ក្រុងផ្សេងៗឬក្រៅប្រទេសនោះ ។ បន្ទាប់ពីក្លាយជាភូមិភាគស្វយ័ត ដោយមានអំណោយផលពី ឧត្តមភាព នៃទីតាំងភូមិសាស្ត្រ ដែលស្ថិតនៅចំណុច កណ្តាលនៃតំបន់អឺរ៉ាស៊ី និង គោលនយោបាយស្វយ័តរបស់រដ្ឋាភិបាល មជ្ឈិម ពិសេសចាប់ពីមានគំនិត ផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ»មក តំបន់ ស៊ីនជាំង ដែលជា«ស្ថានីយ» ដ៏សំខាន់មួយនៃផ្លូវសូត្រ បុរាណដែលតភ្ជាប់ ជាមួយនឹងប្រទេស អារ៉ាប់និងអឺរ៉ុប បានរំលេចពីតួនាទីបើកទូលាយតាមរយៈការកសាងបណ្តាញផ្លូវដែក , ផ្លូវថ្នល់ , ផ្លូវអាកាស និងឡូជីស្ទិក ដែលខាងកើតបានតភ្ជាប់ ជាមួយតំបន់នានាក្នុងប្រទេសចិន ឯខាងលិចតភ្ជាប់ជាមួយតំបន់អឺរ៉ាស៊ី ។
ជាមួយនឹងទំហំ GDP ចំនួន ២.០៥ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០២៤ ដែលកើនឡើងលើសពី ១៦០០ ដងបើធៀប នឹងឆ្នាំ ១៩៥៥ តំបន់ ស៊ីនជាំង មិនត្រឹមតែបានចេញផុត ពីភាពក្រីក្រទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្តែប្រជាជន ភាគច្រើន មានជីវភាពធូរធារ បង្គួរដូចបណ្តាខេត្ត-ក្រុងទំនើបៗផ្សេងទៀតផងដែរ ។ ជាពិសេស ស្របនឹងការដាក់ចេញ គោលនយោបាយបើកទូលាយកម្រិតខ្ពស់ ទំហំនាំចេញ-នាំចូលសរុបរបស់តំបន់ ស៊ីនជាំង ក្នុងឆ្នាំ ២០២៤ បានឡើងដល់ ៣៥០ ប៊ីលានយាន់ប្រាក់ចិន ដែលកើនឡើង ១២០០ ដងបើធៀបនឹងឆ្នាំ ១៩៥៥ ។

បច្ចុប្បន្ន សំឡីកប្បាសបានក្លាយជា«សព្វនាម»នៃតំបន់ ស៊ីនជាំង ពោលគឺ ស៊ីនជាំង ជា«ឃ្លាំងសំឡីកប្បាសពិភពលោក» ខណៈសម្រេចបានទំហំផលិតកម្ម ៥.៦៨៨ លានតោនក្នុងឆ្នាំ ២០២៤ ដែលត្រូវជា ៩២.២% នៃទំហំផលិតកម្មសរុបទូទាំងប្រទេសចិន អាចនិយាយបានថា ផលិតផលធ្វើពីសំឡីកប្បាសភាគច្រើន គឺប្រើប្រាស់សំឡី កប្បាសរបស់ ស៊ីនជាំង ។ អ្វីដែលគួរឱ្យកត់សម្គាល់ ការធ្វើទំនើបកម្មកសិកម្មបានធ្វើឱ្យ ស៊ីនជាំង ប្រែពីការហូបចុកមិនគ្រប់គ្រាន់ ក្លាយជាអ្នកផ្គត់ផ្គង់ស្បៀង នៅទូទាំងប្រទេស ដែលបានរួមចំណែកដ៏សំខាន់ សម្រាប់សន្តិសុខស្បៀងរបស់ចិន ជាមួយនឹងការផលិតស្បៀងបាន ២៣.៣ លានតោនក្នុងឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា សុខដុមនីយកម្មជនជាតិជាកត្តាសំខាន់សម្រាប់ជំរុញការអភិវឌ្ឍនិងស្ថិរភាពនៃតំបន់ ស៊ីនជាំង ។ ក្នុងនាមជាបណ្តុំជនជាតិភាគតិចរស់នៅច្រើនបំផុតមួយរបស់ប្រទេសចិន ជាពិសេសជនជាតិ វៃវូអឺ (ត្រូវជាជិត ៤៧% នៃចំនួនប្រជាជនសរុប នៅតំបន់ ស៊ីនជាំង) បានរៀនចេះប្រើប្រាស់ភាសាចិន កុកងឺយ៉ាងស្ទាត់ជំនាញ ដើម្បីងាយស្រួលធ្វើការ ប្រាស្រ័យទាក់ទង ជាមួយជនជាតិផ្សេងទៀត ។ ជនជាតិនានា នៅទីនោះ មានសេរីភាពពេញលេញ ក្នុងការប្រតិបត្តិជំនឿ សាសនារបស់ខ្លួនតាមផ្លូវច្បាប់ និងរក្សាទុកប្រពៃណីទំនៀម ទម្លាប់ជនជាតិរៀងៗខ្លួន ដែលបង្កើតបានជាអរិយធម៌ និងវប្បធម៌ចម្រុះបែប ។
ប្រែពី«តំបន់ព្រំដែនដាច់ស្រយាល» កាលពីអតីតកាលក្លាយជា«តំបន់ជួរមុខ នៃការបើកទូលាយ»របស់ចិន ឋានៈរបស់ ស៊ីនជាំង ដែលជាមជ្ឈមណ្ឌល ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ ត្រូវបានរំលេចឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ ការចូលរួមយ៉ាងស៊ីជម្រៅ ជាមួយគោលនយោបាយអភិវឌ្ឍន៍ របស់ជាតិ នឹងជំរុញឱ្យតំបន់ ស៊ីនជាំង ដើរឆ្ពោះទៅរកស្ថិរភាព វិបុលភាពនិងភាពរុងរឿងជាបន្តបន្ទាប់ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top