ព័ត៌មានជាតិ

សមត្ថកិច្ច ពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំ ល្មើសអនុក្រឹត្យ០៣ សរុបទឹកប្រាក់ជាង ១ពាន់លានរៀល

ភ្នំពេញ ៖ ក្នុងយុទ្ធនាការរឹតបន្តឹងការអនុវត្តខ្លឹមសារនៃអនុក្រឹត្យលេខ០៣ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ សមត្ថកិច្ចបានចាត់វិធានការ ផាកពិន័យយ៉ាងតឹងរឹងលើម្ចាស់ទីតាំង និងបុគ្គលល្មើសច្បាប់មួយចំនួន ដោយទទួលបានទឹកប្រាក់ សរុបចំនួន១.៧៤៤.០០០.០០០រៀល។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ការផាកពិន័យនេះ បែងចែកជាពីរផ្នែកធំៗ រួមមាន ទី១ គឺការផាកពិន័យលើការស្នាក់នៅខុសច្បាប់ (៤លានរៀល ក្នុងជនបរទេសម្នាក់) ដោយករណីនេះ សមត្ថកិច្ចផាកពិន័យបានទឹកប្រាក់១ពាន់ ៧២០លានរៀល ក្នុងនោះ នៅភ្នំពេញមាន៩៥៦លានរៀល ព្រះសីហនុមាន៦៦៨លានរៀល កណ្តាលមាន៦០លានរៀល មណ្ឌលគិរីមាន២០លានរៀល និងខេត្តសៀមរាប មាន១៦លានរៀល។ ចំណែក ទី២ គឺការផាកពិន័យលើការគ្រប់គ្រងប្រព័ន្ធសន្តិសុខ ទទួលបានទឹកប្រាក់ពិន័យចំនួន ២៤លានរៀល រួមមាន ខេត្តមណ្ឌលគិរី ៤០០.០០០រៀល និងខេត្តកណ្តាល ២៣.៦០០.០០០រៀល។

ដោយឡែក នៅក្នុងខែមេសានេះ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ សមត្ថកិច្ចមូលដ្ឋានបានបើកយុទ្ធនាការ បន្តចុះត្រួតពិនិត្យរដ្ឋបាលយ៉ាងសកម្ម នៅតាមបណ្តារាជធានី-ខេត្ត សរុប២.៦៩៦ទីតាំង មានមនុស្សពាក់ព័ន្ធ២១.២៥៩នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មាន១.០៤៥ទីតាំង តាកែវ មាន១.១០៨ទីតាំង ក្រចេះ មាន៣៤៥ទីតាំង ព្រះសីហនុ មាន៨៣ទីតាំង បន្ទាយមានជ័យ មាន៥៦ទីតាំង កំពង់ចាម មាន៣៧ទីតាំង មណ្ឌលគិរី មាន១២ទីតាំង ឧត្តរមានជ័យមាន៥ទីតាំង កណ្ដាល មាន៣ទីតាំង រតនគិរី មាន១ទីតាំង និងខេត្តសៀមរាប មាន១ទីតាំង។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ ក្នុងនាមជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ លោក បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងអនុក្រឹត្យលេខ ០៣ មិនមែនធ្វើឡើង ត្រឹមតែជាយុទ្ធនាការមួយគ្រានោះទេ ប៉ុន្តែគឺជាកិច្ចការងារអាទិភាពដែលត្រូវអនុវត្តជាប្រចាំ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងជនបរទេស និងសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានហ្មត់ចត់ ពិសេសរួមចំណែកបោសសម្អាត និងលុបបំបាត់ឱ្យអស់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

To Top