អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យសំណង់ទ្វារទឹក ការដាំដើមឈើ និងការបំពាក់បង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់ទ្វារទឹក ការដាំដើមឈើ និងការដាក់ដាំបង្គោលភ្លើងសូឡា នៅទំនប់ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន និងឃុំស្រក ស្រុកកំពង់សៀម។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ទំនប់ជ្រោយចេក គឺជាប្រភពស្តុកទឹក ដ៏មានសារៈសំខាន់ សម្រាប់បម្រើ ដល់វិស័យកសិកម្ម ការស្រោចស្រពដំណាំ និង ការប្រើប្រាស់ទឹកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេស ទំនប់នេះបានចូលរួម ចំណែកក្នុងការរក្សាតុល្យភាពធនធានទឹក និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ ដោយឡែក ចំពោះសក្តានុពលទេសចរណ៍ ទំនប់ជ្រោយចេកមានទេសភាព ធម្មជាតិ ដ៏ស្រស់ស្អាត ជាមួយនឹងផ្ទៃទឹកដ៏ធំល្វឹងល្វើយ និងបរិយាកាសដ៏ស្រស់បំព្រង ដែលមានសក្តានុពល ក្នុងការអភិវឌ្ឍ ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។ សក្តានុពលទាំងនេះ ក៏អាចជួយ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក អ៊ុម វិបុល បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទំនប់ជ្រោយចេកមានប្រភពទឹកពីទន្លេមេគង្គ និងទឹកភ្លៀង ហើយអាចស្តុកទឹកបានប្រមាណ ៩លានម៉ែត្រគូប។ ទំនប់នេះមានប្រវែង ១.៩៤៣ម៉ែត្រ ប្រឡាយមេមានប្រវែង ១.៧៨៦ម៉ែត្រ និងប្រឡាយរងមានប្រវែង ៣.៦០២ម៉ែត្រ ។ លើសពីនេះ មានសំណង់ទ្វារទឹកចំនួន ២កន្លែង និងសំណង់ចែកចាយទឹកចំនួន ១០កន្លែង ដែលអាចស្រោចស្រពលើផ្ទៃដី ស្រែប្រាំងប្រមាណ ១.១១៦ហិកតា ។





អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: រដ្ឋបាលខេត្ត
