ព័ត៌មានអន្តរជាតិ

រដ្ឋមន្ដ្រីក្រសួង សង្គ្រាមអាមេរិក កោះប្រជុំបន្ទាន់ ជាមួយ​ឧត្តមសេនីយ៍កំពូលៗ របស់អាមេរិក នៅជុំវិញពិភពលោក

បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យឧត្តមសេនីយ៍ និងឧត្តមនាវី រាប់រយនាក់មកពីជុំវិញ ពិភពលោក ជួបជុំគ្នានៅមូលដ្ឋាន កងម៉ារីនក្នុងទីក្រុង Quantico រដ្ឋ Virginia នៅសប្តាហ៍ក្រោយក្នុងសកម្មភាព ដែល មិនធ្លាប់មានពីមុនមក ដែលបានធ្វើឱ្យមានការបារម្ភ នៅទូទាំងជួរមន្រ្តីកំពូល នៃកងកម្លាំងប្រដាប់ អាវុធអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាន បញ្ជាក់ពីកិច្ចប្រជុំនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ប្រធានអ្នកនាំពាក្យលោក Sean Parnell បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “លោករដ្ឋមន្រ្តីក្រសួងសង្គ្រាមនឹង និយាយទៅកាន់មេដឹកនាំយោធា ជាន់ខ្ពស់របស់លោកនៅដើមសប្តាហ៍ក្រោយ” ។

ប្រធានាធិបតី អាមេរិក លោក Donald Trump ដែលកាលពីខែមុនបានប្តូរឈ្មោះមន្ទីរបញ្ចកោណ ទៅជា “ក្រសួងសង្គ្រាម” បាននិយាយ​បន្ធូរ​បន្ថយស្ថានការព្រួយបារម្ភ ដោយហៅការជួបជុំនេះថា ជាការជួបជុំ “មិត្តភាព” ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ការពារ​ជាតិ​បាន​និយាយ​ថា ពួកគេ​មានការភ្ញាក់ផ្អើល ។ ការបញ្ជានេះបានបង្អាក់កាលវិភាគ នៅទូទាំងពិភពលោក ដោយបង្ខំឱ្យមេបញ្ជាការ នៅក្នុងបញ្ជាការដ្ឋាន ក្នុងសកម្មធ្វើផែនការធ្វើដំណើរភ្លាមៗ ។ មន្ត្រីម្នាក់បាន ប្រាប់សារព័ត៌មាន Politico ដោយចោទសួរពីតម្រូវការ ក្នុងការកោះហៅមន្រ្តីកំពូលៗ ជាច្រើនទៅ កាន់ទីតាំងមួយថា “អ្វីៗក៏ដោយ គឺគេអាចទំនាក់ទំនងតាមរយៈអ៊ីម៉ែលសុវត្ថិភាព ការហៅទូរស័ព្ទ និងតំណវីដេអូ” ជាដើម៕

ប្រែសម្រួលៈ ណៃ តុលា

To Top