ឧស្សាហកម្មរបស់ចិន រំពឹងទុកនឹងលក់រថយន្ត បានដល់ទៅ៤០លានគ្រឿង ក្នុងមួយឆ្នាំនៅរយៈពេល៥ឆ្នាំខាងមុខ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ Global Data បានឲ្យដឹងថា វិស័យលក់រថយន្តរបស់ប្រទេសចិន កំពុងកំណត់គោលដៅលក់ប្រចាំ ឆ្នាំលើសពី៤០លានគ្រឿង ក្នុងរយៈពេល៥ខាងមុខ។
វាគឺជាការការព្យាករណ៍ ដោយអគ្គលេខាធិការ សមាគមរថយន្ត ដឹកអ្នកដំណើរចិន (CPCA) លោក Cui Dongshu ។ការព្យាករនេះក៏រួមបញ្ចូលទាំងការ នាំចេញដែលត្រូវបានគេរំពឹងថា នឹងឈានដល់១០លានគ្រឿង ក្នុងទីផ្សារអន្តរជាតិ។
លើសពីនេះទៀត ការព្យាករណ៍ របស់លោក Dongshu បង្ហាញពីសក្តានុពលទ្វេដង នៃការនាំចេញរថយន្ត របស់ប្រទេសចិននៅឆ្នាំ២០៣០ ។ លោកDongshuក៏បានបញ្ជាក់ពីឱកាសកំណើន ដែលនៅខាងមុខសម្រាប់ប្រទេសទាំងក្នុងនិងទីផ្សារអន្តរជាតិផងដែរ។
ដោយគូសបញ្ជាក់ពីភាពខុសគ្នា នៃអត្រាកម្មសិទ្ធិយានលោក Dongshu បានកត់សម្គាល់ថា អត្រាបច្ចុប្បន្នរបស់ប្រទេស មានរថយន្តចំនួន២៥០គ្រឿងក្នុងមនុស្ស១០០០នាក់ ដែលទាបជាងប្រទេស អភិវឌ្ឍន៍នៅឡើយគួរឱ្យកត់សម្គាល់។
គួរឲ្យដឹងដែរថាកាលពីឆ្នាំមុន ប្រទេសចិន បានកត់ត្រាការលក់ រថយន្តសរុបចំនួន ៣១,៤លានគ្រឿង ដោយរថយន្តអគ្គិសនី EV មានចំនួនជាង៤០ភាគរយ នៃតួលេខនេះ នេះបើយោងតាមសមាគមក្រុមហ៊ុន ផលិតរថយន្តចិន (CAAM)៕
ប្រែសម្រួល៖ស៊ុនលី
