ចិន និងអាមេរិក ត្រូវស្វែងរកវិធីដ៏ត្រឹមត្រូវ ដើម្បីដើរផ្លូវជាមួយគ្នា ក្នុងយុគសម័យថ្មី

ញូវយ៉ក៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឧ្យដឹងថា ការសម្លឹងមើលទៅអនាគត ប្រទេសចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវស្វែងរកវិធីត្រឹមត្រូវ ដើម្បីចុះសម្រុងគ្នាក្នុងយុគសម័យថ្មី ។
លោកបានធ្វើការកត់សម្គាល់ នៅពេលជួបជាមួយអង្គការ ជាមិត្តនៅសហរដ្ឋអាមេរិក រួមទាំងតំណាងមកពីក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន គណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក-ចិន សភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក និងក្រុមប្រឹក្សាទំនាក់ទំនងបរទេស ព្រមទាំងអ្នកប្រាជ្ញ និងអ្នកដឹកនាំធុរកិច្ច នៅក្រៅកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
ស្ដីពីទំនាក់ទំនងចិន-អាមេរិក លោក Li បានឧ្យដឹងថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅក្នុងពិភពលោក ហើយប្រទេសទាំងពីរអាច និងគួរតែជាដៃគូ និងជាមិត្ត។
លោកបានលេីកឡេីងថា បើក្រឡេកទៅមើលប្រវត្តិសាស្រ្តវិញ ការផ្លាស់ប្តូរមិត្តភាពរវាងចិន និងសហរដ្ឋអាមេរិក គឺជាចរន្តសំខាន់ និងជានិន្នាការទូទៅ។
លោកបានបន្ដថា ដូចដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចង្អុលបង្ហាញថា មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំទូលាយ គឺធំល្មមអាចទទួល យកបានទាំងប្រទេសចិន និងសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀត។
លោកបានបន្ថែមថា ក្នុងនាមជាប្រទេសសំខាន់ទាំងពីររបស់ពិភពលោក ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព បន្តកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងសម្រេចបាននូវវិបុលភាពរួមគ្នាតាមរយៈភាពជោគជ័យរួមគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា
