ព័ត៌មានជាតិ

ពលករខ្មែររាប់រយនាក់ ក្នុងមួយថ្ងៃៗ បន្តវិលពីថៃមកវិញ ដើម្បីរកឱកាសការងារ ក្នុងស្រុក និងមករស់នៅ ក្នុងប្រទេសកំណើត

ភ្នំពេញ៖ ពលករខ្មែររាប់រយនាក់បន្តវិញ ត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ ជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកឱកាសការងារ និងរស់នៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមការលើកឡើងរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។

លោក ស៊ុន មេសា បានឱ្យដឹងថា ជារៀងរាល់ថ្ងៃមានបងប្អូនពលករខ្មែរ ដែលត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ ជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ ដើម្បីមករកការងារធ្វើ និងមករស់នៅក្នុងប្រទេសកម្ពុជា ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ “មកទល់ពេលនេះ យើងឃើញថា នៅតែមានការវិលត្រឡប់វិញ នៃពលករខ្មែរពីប្រទេសថៃ ដើម្បីចូលមករកការងារធ្វើ នៅក្នុងប្រទេសកម្ពុជា ជាក់ស្តែង កាលពីឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក៏ឃើញមានបងប្អូន ពលករត្រឡប់មកវិញ ជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ដែរ ជារៀងរាល់ថ្ងៃ ហើយបើតាមការសាកសួរ របស់មន្ត្រីនៅតាមព្រំដែន ការត្រឡប់មកវិញ របស់បងប្អូនពលករខ្មែរ គឺដើម្បីស្វែករកឱកាសការងារធ្វើនៅក្នុងស្រុក និងដើម្បីរស់នៅអចិន្ត្រៃយ៍ផងដែរ”។

អ្នកនាំពាក្យរូបនេះ បន្ថែមថា ជាមួយការវិលត្រឡប់មកវិញរបស់បងប្អូនពលករខ្មែរមន្ត្រីក្រសួងការងារដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន នៅតែបន្តរង់ចាំទទួលបងប្អូនពលករខ្មែរជានិច្ចនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ។

លោក ស៊ុន មេសា លើកឡើងថា ៖ “ស្របជាមួយការបន្តវិលត្រឡប់មកស្រុកកំណើតវិញ ពីសំណាក់បងប្អូនពលករខ្មែរពីប្រទេសថៃ មន្ត្រីក្រសួងការងារ រួមមាន ទីភ្នាក់ងារជាតិ មុខរបរនិងការងារ ក៏ដូចជាមន្ទីរការងារខេត្ត ដោយសហការ ជាមួយអាជ្ញាធរមូលដ្ឋាន នៅតែបន្តរង់ចាំទទួល បងប្អូនពលករដែលត្រឡប់មកវិញ នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដដែល ជាមួយនឹងការណែនាំស្តីពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញ បច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ប.ស.ស.” ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះមានបងប្អូនពលករខ្មែរ ប្រមាណជាង ៩៤ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់ មកប្រទេសកម្ពុជាវិញ ។ ជាមួយនឹងការត្រឡប់មកវិញនេះ អ្នកនាំពាក្យក្រសួងការងារ សូមអំពាវនាវឱ្យបងប្អូន អតីតពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងមកកាន់លេខ១២៩៧ ដែលមន្ត្រីក្រសួងការងារ រងចាំទទួលទូរសព្ទបងប្អូនគ្រប់គ្នា ដើម្បីផ្តល់នូវឱកាសការងារ ដ៏សម្បូរបែប ជាមួយនឹងអត្ថប្រយោជន៍ ជាច្រើនផងដែរ៕

To Top