នាយករដ្ឋមន្ត្រីកម្ពុជា ៖ សង្គ្រាម មិនអាចបញ្ចប់ ដោយការធ្វើសង្គ្រាមបានទេ គឺមានតែការចរចា ដោយសន្តិវិធីប៉ុណ្ណោះ អាចរកដំណោះស្រាយបាន

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា បទពិសោធ នៃសង្គ្រាម ដ៏រ៉ាំរៃរបស់កម្ពុជា បានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ ដោយការធ្វើសង្គ្រាមបានទេ ពោលគឺមានតែការចរចា ដោយសន្តិវិធីប៉ុណ្ណោះ អាចរកដំណោះស្រាយ បានប្រកបដោយសុខសន្តិភាព ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
នាឱកាសនោះ សម្តេចធិបតី បានកោតសសើរ និងថ្លែងអំណរគុណ ចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើង យ៉ាងអង់អាចក្លាហាន នៅគ្រប់ទិសសមរភូមិជួរមុខ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបានថ្លែងអំណរគុណ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿចិត្តមកលើរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្ត ដ៏ស្មោះស្ម័គ្រ ជូនវីរកងទ័ព និងវីរនគរបាលជួរមុខដ៏អង់អាចក្លាហាន ។
សម្តេចធិបតី បានគូសបញ្ជាក់សារជាថ្មី អំពីគោលជំហរដ៏ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល ក្នុងការគោរពច្បាប់ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី។
សម្តេចធិបតី បានគូសបញ្ជាក់ថា «បទពិសោធនៃសង្គ្រាម ដ៏រ៉ាំរៃរបស់កម្ពុជាបានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ ពោលគឺមានតែការចរចា ដោយសន្តិវិធីប៉ុណ្ណោះដែលអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួល ឱ្យប្រជាពលរដ្ឋភៀសសឹក អាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញ» ៕
