ព័ត៌មានអន្តរជាតិ

ប្រទេសអេស្ប៉ាញ និងអ៊ីតាលី ដាក់ពង្រាយនាវាចម្បាំង ដើម្បីការពារកងនាវាចរ ឆ្ពោះទៅហ្គាហ្សា

បរទេស៖ ប្រទេសអ៊ីតាលី និងអេស្បាញបានសន្យាថា នឹងដាក់ពង្រាយនាវាចម្បាំងដើម្បីការពារ Global Sumud Flotilla (GSF) ដែលជាកងនាវាស៊ីវិលនៃក្រុមនាវា ប្រមាណ ៥០ គ្រឿង ដែលធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីនាវានេះស្ថិតនៅក្រោមការ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើកថ្មី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា នាវាដឹកសម្ភារៈមនុស្សធម៌បានចេញដំណើរពីទីក្រុងបាសេឡូណា ប្រទេសអេស្បាញនៅដើមខែកញ្ញា ដើម្បីព្យាយាមបំបែកការបិទផ្លូវរបស់កងទ័ពជើងទឹកអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

កងនាវាដែលមានសកម្មជន និងអ្នកនយោបាយ ៥០០ នាក់ នៅលើនោះបានស្ថិតនៅក្រោមការ វាយប្រហារដោយយន្តហោះគ្មានមនុស្ស បើកកាលពីល្ងាចថ្ងៃអង្គារនៅឯឆ្នេរសមុទ្រ របស់ប្រទេសក្រិក ។ ក្រុមសកម្មជនបាននិយាយថា កប៉ាល់ទាំងនោះត្រូវបានកំណត់គោលដៅ វាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានទម្លាក់ឧបករណ៍បំផ្ទុះ និងបណ្តាលឱ្យមានការផ្ទុះជាច្រើននៅជុំវិញកប៉ាល់។ ពួកគេបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារនេះ។

បន្ទាប់ពីឧបទ្ទវហេតុនេះ ប្រទេសអ៊ីតាលី និងអេស្បាញ បាននិយាយថា ពួកគេនឹងបញ្ជូនកប៉ាល់កងទ័ពជើងទឹក ដើម្បីការពារកងនាវាចរ និងធានាសុវត្ថិភាពរបស់ពលរដ្ឋ របស់ពួកគេនៅលើនាវា។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ខណៈពេលដែលហៅកងនាវា GSF ថាជាមធ្យោបាយ “គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ” ដើម្បីផ្តល់ជំនួយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top