បេសកជន របស់ទីក្រុងមូស្គូប្រចាំនៅប៉ារីស ព្រមានថា បើសិនរដ្ឋសមាជិកណាតូណា ហ៊ានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី គឺនឹងផ្ទុះសង្គ្រាម ជាមួយរុស្ស៊ី

បរទេស៖ រដ្ឋសមាជិកណាតូណាដែលបាញ់ទម្លាក់ យន្តហោះចម្បាំងរុស្ស៊ី គឺនឹងផ្ទុះ “សង្គ្រាម” ជាមួយរុស្ស៊ី , នេះជាការព្រមាន របស់បេសកជនរបស់ទីក្រុងមូស្គូ ប្រចាំនៅប៉ារីស លោក Aleksey Meshkov ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រទេសអេស្តូនីបានអះអាងថា យន្តហោះយោធារុស្ស៊ីបានបំពានដែនអាកាសរបស់ខ្លួនមួយរយៈខ្លី នាំឱ្យ អេស្តូនី ស្នើសុំការពិគ្រោះយោបល់ជាបន្ទាន់ជាមួយសមាជិកណាតូ។ កាលពីដើមខែនេះ ប្រទេសប៉ូឡូញក៏បានចោទថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីជាច្រើនគ្រឿងបានចូលទឹកដីរបស់ខ្លួន។ ចំណែកទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់ទាំងពីរនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte មិនបានច្រានចោលការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីនោះទេ ប្រសិនបើយន្តហោះទាំងនោះបំពានដែនអាកាសរបស់ប្លុក ដោយសង្កត់ធ្ងន់ថា ការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងតាមករណីនីមួយៗ។
នៅពេលត្រូវបានសួរថាតើរុស្ស៊ីនឹងមានប្រតិកម្មយ៉ាងណាប្រសិនបើយន្តហោះចម្បាំងរបស់ខ្លួនមួយត្រូវបានបាញ់ទម្លាក់ដោយណាតូនោះ លោក Meshkov បេសកជនរបស់ទីក្រុងមូស្គូប្រចាំនៅប៉ារីស ប្រទេសបារាំង បានប្រាប់ស្ថានីយវិទ្យុ RTL របស់ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ថា “នោះមានន័យថាសង្គ្រាម” ៕
ប្រែសម្រួលៈ ណៃ តុលា
