ព័ត៌មានជាតិ

សម្តេចធិបតី ប្រាប់គណៈប្រតិភូសភាអាមេរិកថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ គឺដោយសន្តិវិធី

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនគណៈប្រតិភូ​សភាសហរដ្ឋអាមេរិក អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និងសន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ ។

ការលើកឡើងរបស់សម្តេចធិបតី ប្រាប់ទៅកាន់គណៈប្រតិភូសភាអាមេរិក​ ខាងលើនេះធ្វើឡើង​ ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូ​ សភាសហរដ្ឋអាមេរិក ដឹកនាំដោយលោក Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយលោក Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកស្រី Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ លោក Adam Smith បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយសម្តេចបវរធិបតី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចធិបតី ដែលបានចំណាយពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ មានគោលបំណងរួមចំណែក ពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

គណៈប្រតិភូសភាអាមេរិក ក៏បានកោតសរសើរ ចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូសភាអាមេរិក ដែលបានមកបំពេញទស្សនកិច្ច នៅកម្ពុជានាពេលនេះ។ សម្តេចធិបតី បានសម្តែងនូវការពេញចិត្ត ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ទំនាក់ទំនង រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះដែរ សម្តេចធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, វិនិយោគ, ការពារជាតិ, សន្តិសុខ និងអប់រំ ជាដើម។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះលោកប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឆាប់រហ័ស ដែលបានជួយសង្គ្រោះ អាយុជីវិតមនុស្សជាច្រើន និងបានជម្រាបជូន គណៈប្រតិភូសភាអាមេរិក អំពីបច្ចុប្បន្នភាព ស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី, ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និង សន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top