ព័ត៌មានអន្តរជាតិ

លោក Li Qiang ជួបសំណេះសំណាលជាមួយសមាគមមិត្តភាពរបស់អាមេរិក

ថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបសំណេះសំណាលជាមួយសមាគមមិត្តភាពរបស់អាមេរិក ។ តំណាងនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន គណៈកម្មាធិការទំនាក់ទំនងអាមេរិក-ចិន សភាពាណិជ្ជកម្មអាមេរិក និងគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃអាមេរិក ព្រមទាំងបញ្ញវន្តនិងអ្នកទទួលខុសត្រូវរបស់សហគ្រាសបានចូលរួមពិធីនេះ ។

លោក Li Qiang បានថ្លែងថា ទំនាក់ទំនងរវាងចិននិងអាមេរិកជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតនៅលើពិភពលោក ។ ដូចប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងថា មហាសមុទ្រប៉ាស៊ីហិ្វកដ៏ធំល្វឹងល្វើយ ដែលអាចផ្ទុកប្រទេសទាំងពីរចិននិងអាមេរិកនិងប្រទេសផ្សេងទៀត ។ ចិននិងអាមេរិកគួរតែប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក រួមរស់ដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីសម្រេចបាននូវវិបុលភាពរួមតាមរយៈការជួយគ្នាទៅវិញទៅមក ។

លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានជំនឿចិត្តនិងមានសមត្ថភាពអាចរក្សាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនិងរឹងមាំ ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រាសនៃបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងសហគ្រាសអាមេរិកផងដែរ ។

លោក Li Qiang បានគូសបញ្ជាក់ទៀតថា រំពឹងទុកថាឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់អាមេរិកនឹងធ្វើសកម្មភាពវិជ្ជមានកាន់តែច្រើន ក្នុងន័យបង្កើនការយល់ដឹងពីគ្នារវាងប្រទេសទាំងពីរ ត្រួសត្រាយកិច្ចសហប្រតិបតិ្តការជាក់ស្តែងក្នុងគ្រប់វិស័យ និងរួមចំណែកកាន់តែធំដើម្បីជំរុញការអភិវឌ្ឍនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនចំណងមេត្រីភាពនៃប្រទេសទាំងពីរ ។

ឥស្សរជនអាមេរិកដែលមានវត្តមានក្នុងពិធីសំណេះសំណាលបានថ្លែងថា មជ្ឈដ្ឋានសហគ្រាសអាមេរិកមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍនៃសេដ្ឋកិច្ចចិន ហើយនឹងបន្តពង្រីកការបណ្តាក់ទុននៅប្រទេសចិន ក្នុងន័យដើរតួនាទីជាស្ពានដើម្បីជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ៕

To Top