ព័ត៌មានជាតិ

សម្តេចតេជោ ៖ ឆ្នាំ២០២៥នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា ឆ្នាំ២០២៥នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន ដោយសារមានព្រឹត្តិការណ៍សំខាន់ៗចំនួន៥ ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ខាងលើនេះ ក្នុងឱកាសម្តេចតេជោ អញ្ជើញជាអធិបតីភាព ក្នុងពិធីជប់លៀងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ។
នោះ សម្តេចតេជោ បានថ្លែងថា ចាប់តាំងពីការបង្កើត ទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨ ទំនាក់ទំនង មិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំ ដោយយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំជំនាន់ក្រោយ នៃប្រទេសទាំងពីរ កំពុងបន្តរីកចំរើនកាន់តែរឹងមាំឥតឈប់ឈរ រហូតក្លាយទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ។

ក្នុងនោះ សម្តេចតេជោ មានប្រសាសន៍ថា ខ្ញុំមានសេចក្តីរីករាយក្រៃលែង ដោយឃើញប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា លើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំង អំពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ឆ្នាំ២០២៥នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន៖
-ទី១ ជាខួប ១៥ ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន
-ទី២ ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្កា របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជើងពឹង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ
-ទី៣ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសចិន នាដើមខែកញ្ញានេះ
-ទី៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន កាលពីចុងខែ សីហាកន្លងទៅ និង
-ទី៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន៕

ដោយ៖​ ដារាត់| ដើមអម្ពិល

To Top