លោក វ៉ាង វិនពីន៖ ប្រទេសចិន បន្តនាំមុខគេ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗ លើពិភពលោក

ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិន បន្តនាំមុខគេ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗលើពិភពលោក ដោយបង្ហាញយ៉ាងពេញលេញ នូវភាពធន់នៃសេដ្ឋកិច្ចចិន ។

ការលើកឡើងរបស់លោកទូតចិន ខាងលើនេះ ធ្វើឡើងក្នុងក្នុងពិធីបដិសណ្ឋារកិច្ចខួបអនុស្សាវរីយ៍ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ។

ថ្លែងក្នុងឱកាសនេះ លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំសំខាន់មួយ សម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ។ យើងបានឈានមកដល់ឆ្នាំចុងក្រោយ នៃផែនការអភិវឌ្ឍន៍ជាតិប្រាំឆ្នាំទី១៤។ សេដ្ឋកិច្ចរបស់ប្រទេសចិន បានរក្សានិន្នាការ អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងវិជ្ជមាន ។ នៅឆមាសទីមួយនៃឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិន បានកើនឡើង ៥,៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងនោះ លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ប្រទេសចិន បន្តនាំមុខគេ ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចធំៗលើពិភពលោក ដោយបង្ហាញយ៉ាងពេញលេញ នូវភាពធន់នៃសេដ្ឋកិច្ចចិន។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ឧត្តមភាពរបស់ចិនត្រូវបានពង្រឹងបន្ថែមទៀត កម្លាំងរស់រវើកនៃការច្នៃប្រឌិតកាន់តែខ្លាំង មូលដ្ឋានគ្រឹះសម្ភារៈកាន់តែរឹងមាំ ហើយមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ចាក់ឫសកាន់តែជ្រៅ ។ ក្រោមការដឹកនាំដ៏រឹងមាំ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមាន អគ្គលេខាធិការ ស៊ី ជីនភីង ជាមេដឹកនាំស្នូល ប្រជាជនចិនកំពុងយកឈ្នះ លើបញ្ហាប្រឈមឆ្ពោះទៅមុខ និងសរសេរជំពូកថ្មី ក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។
បន្ថែមលើនេះ លោក វ៉ាង វិនពីន បានថ្លែងថា ការស្តារឡើងវិញដ៏អស្ចារ្យ នៃប្រជាជាតិចិន បានចូលទៅក្នុងដំណើរការប្រវត្តិសាស្ត្រ ដែលមិនអាចរារាំងបាន។ ឆ្នាំនេះជាខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។ ប្រទេសចិន បានប្រារព្ធធ្វើសកម្មភាពរំលឹក នៅថ្ងៃទី៣ ខែកញ្ញា និងរៀបចំកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ ដោយមានការចូលរួម ពីសហគមន៍អន្តរជាតិ ដើម្បីចងចាំប្រវត្តិសាស្ត្រ គោរពវិញ្ញាណក្ខន្ធវីរបុរស ស្រឡាញ់សន្តិភាព និងត្រួសត្រាយអនាគតដ៏ល្អបវរ ហើយបានបញ្ចេងសំឡេងយុត្តិធម៌ គឺ៖ជ្រើសយកសន្តិភាព ដោយមិនទទួលយកសង្គ្រាម ជ្រើសយកការសន្ទនា ដោយមិនទទួលការប្រឈមមុខដាក់គ្នា ជ្រើសយកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយមិនទទួលយក ល្បែងផលបូកសូន្យ៕
ដោយ៖ ដារាត់| ដើមអម្ពិល
