ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរ ទិវាទេសចរណ៍ពិភពលោក (World Tourism Day) ក្រោមប្រធានបទ ៖ ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព (Tourism and Sustainable Transformation) ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ របស់អង្គការ ទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស លើសកលលោក រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយបាននិងកំពុងផ្តោតលើ ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា ក្នុងន័យនេះ រដ្ឋជាសមាជិក ទាមទារឱ្យមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការកំណត់អាទិភាព សកម្មភាពការងារច្បាស់លាស់ ជាមួយនឹងការតាមដានវាយតម្លៃការអនុវត្តជាប់ជាប្រចាំ ឱ្យស្របតាមគោលដៅ ចីរភាពរយៈពេលវែង៕
ដោយ៖ ដារាត់| ដើមអម្ពិល

To Top