សម្តេចធិបតី៖ ស្ថិតក្នុងស្ថានភាពពិភពលោក កាន់តែប្រែប្រួលយ៉ាងឆាប់រហ័ស កម្ពុជាត្រូវខិតខំពង្រឹង សមត្ថភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថិតក្នុងស្ថានភាពពិភពលោក កាន់តែប្រែប្រួលយ៉ាងឆាប់រហ័ស ជាងការរំពឹងទុក ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល ភូមិសាស្ត្រនយោបាយសកល មានលក្ខណៈកាន់តែស្មុគស្មាញ បញ្ហាបម្រែបម្រួលអាកាសធាតុ និងវិបត្តិនានាជាដើម តម្រូវឱ្យយើង ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ក្នុងការជំរុញភាពធន់ និងច្បាមយកនូវរាល់ កាលានុវត្តភាពថ្មីៗ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ។
យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និងងាយរងនូវ វិបត្តិថ្មីៗ ដែលការណ៍នេះ ធ្វើឱ្យយើងបន្តប្រឈមនឹងបញ្ហាថ្មីៗ និងកាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភូមិសាស្ត្រនយោបាយ ដែលកត្តាទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេសធ្វើឱ្យសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលលោក និងតំបន់មានការថមថយ គួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមាន ដល់កំណើនទេសចរណ៍ជាសកល និងនៅកម្ពុជាផងដែរ។
សម្តេចធិបតី គូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពពិភពលោក កាន់តែប្រែប្រួលយ៉ាងឆាប់រហ័ស ជាងការរំពឹងទុក ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ភូមិសាស្ត្រនយោបាយសកល មានលក្ខណៈកាន់តែស្មុគស្មាញ បញ្ហាបម្រែបម្រួលអាកាសធាតុ និងវិបត្តិ នានាជាដើម តម្រូវឱ្យយើងត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានាចំពោះមុខ ដកស្រង់នូវមេរៀនពិសោធន៍ ក្នុងការជំរុញភាពធន់ និងច្បាមយកនូវរាល់ កាលានុវត្តភាពថ្មីៗ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីធានាចីរភាព នៃកំណើនសេដ្ឋកិច្ច ពង្រីកសក្តានុពល សេដ្ឋកិច្ចជាអតិបរមា ការចូលរួមលើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសការទាក់ទាញ ការវិនិយោគផ្ទាល់ និងទេសចរអន្តរជាតិ ដើម្បីបង្កើនតម្លៃសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍ ដែលជាចំណែកមួយនៃការទ្រទ្រង់ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យកាន់តែប្រសើរជាងមុន ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានកត់សម្គាល់ដែលថា នៅក្នុងបរិការណ៍នេះ កាលានុវត្តភាពសម្រាប់ទ្រទ្រង់ ដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលស្តែងឡើងតាមរយៈចំណងមិត្តភាព ជាមួយបណ្តាប្រទេសជាមិត្តនានា កំពុងតែមានភាពល្អប្រសើរ ក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដែលកំពុងហុចផ្លែផ្កាជាច្រើន ទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ និងតំបន់ ដូចជាក្របខ័ណ្ឌអាស៊ាន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(GMS) មេគង្គ-ឡានឆាង មេគង្គ-ជប៉ុន មេគង្គ-កូរ៉េ ភាពជាដៃគូមេគង្គ-អាម៉េរិក មេគង្គ-គង្គា (ឥណ្ឌា) និងអេកម៉ិក ជាដើម។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា កន្លងមក រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ និងវិធានការនានា ជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពធន់ នៃវិស័យទេសចរណ៍ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការលើកទឹកចិត្តនានា ការលើកកម្ពស់គុណភាព សេវាកម្មទេស ចរណ៍ និងផលិតផលទេសចរណ៍ ព្រមទាំងការអនុវត្តផែនការយុទ្ធសាស្ត្រ ជំរុញការអភិវឌ្ឍ សម្បទាទេសចរណ៍ និងការតភ្ជាប់យ៉ាងច្រើន ដែលគាំទ្រ និងបម្រើ ដល់វិស័យទេសចរណ៍ មានជាអាទិ៍៖ គម្រោង ព្រែកជីកហ្វូណនតេជោ ការបន្តស្ថាបនាបន្ថែមនូវស្ពាន ថ្នល់ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន មន្ទីរពេទ្យ ការបន្តពង្រីក កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប អាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ ជាពិសេសការដាក់ឱ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទខ្នាត 4F កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ការជំរុញជើងហោះត្រង់ថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងរឹងនិងទន់ជាច្រើនទៀតផងដែរ ៕
ដោយ៖ ដារាត់| ដើមអម្ពិល
