ព័ត៌មានជាតិ

សម្តេចធិបតី៖ ភាពរីកចម្រើន នៃវិស័យទេសចរណ៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកក្នុងការជំរុញម៉ាក្រូសេដ្ឋ កិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ភាពរីកចម្រើន នៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។

យោងតាមសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ “ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» ដែលប្រព្រឹត្តិទៅនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងនីតិកាលកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករឆ្នើម នៃគោលនយោបាយឈ្នះ ឈ្នះ វិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានចាត់ទុកជា មាសបៃតង គឺពិតណាស់ កើតចេញពីមនុញ្ញផលនៃសុខសន្តិភាព។

សម្តេចធិបតី គូសបញ្ជាក់ថា ដូចគ្នានេះដែរ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពនិងជាឆ្អឹងខ្នង សេដ្ឋកិច្ចដ៏សំខាន់ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈមានភាពល្អប្រសើរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង តាមរយៈការដាក់ចេញ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កម្ពុជា បាននិងកំពុងបន្តដំណើរ លើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅសម្រេចឱ្យបានគោលដៅ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ភាពរីកចម្រើន នៃវិស័យទេសចរណ៍ជាបន្តបន្ទាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលបានរួមចំណែក ក្នុងការជំរុញម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានវិស័យឯកជនផងដែរ ឱ្យកាន់តែរស់រវើក តាមរយៈការលើកកម្ពស់ បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពបង្កើតការងារ ចំណូល និងចលករ ជំរុញសកម្មភាពសេដ្ឋកិច្ចសម្រេចបាន កំណើនជាបន្តបន្ទាប់។ ជាមួយនឹងការបន្តថែរក្សា បាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជា បន្តជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយ ក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យ វិស័យទេសចរណ៍ ក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ៕
ដោយ៖ ដារាត់| ដើមអម្ពិល

To Top