ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ចិន​ ​ព្រមាន​ពីការដំឡើង​ពន្ធ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កំណើន​សេដ្ឋកិច្ច​ពិភពលោក

xinhua

ញូវយ៉ក៖​ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានព្រមានថា ហានិភ័យនៃពន្ធខ្ពស់ ដែលប៉ះពាល់ដល់កំណើន សេដ្ឋកិច្ចពិភពលោកបានកើនឡើង ដោយអំពាវនាវនៅក្នុងសុន្ទរកថា របស់អង្គការសហប្រជាជាតិ សម្រាប់សហគមន៍អន្តរជាតិ ឱ្យបដិសេធលទ្ធិឯកតោភាគី និងលទ្ធិគាំពារនិយម។

ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព លោក Li បានប្រាប់មហាសន្និបាតអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉កថា “ភាពឯកោដោយខ្លួនឯង” មិនមែនជាចម្លើយទេ ហើយមធ្យោបាយ ត្រឹមត្រូវតែមួយគត់ដើម្បីឆ្ពោះទៅមុខ​ គឺត្រូវបន្ត “បើកចំហ និងកិច្ចសហប្រតិបត្តិការ” ។

លោកបានលេីកឡេីងដោយមិនបញ្ចេញឈ្មោះថា “មូលហេតុចម្បងនៃវិបត្តិសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន​ គឺការកើនឡើងនៃវិធានការឯកតោភាគី និងការការពារនិយម ដូចជាការដំឡើងពន្ធ និងរបាំងពាណិជ្ជកម្ម” ។

លោកបានអះអាងថា ប្រទេសចិន​ បានបន្តបើកទ្វាររបស់ខ្លួនកាន់តែទូលំទូលាយទៅកាន់ពិភពលោក ដោយកត់សម្គាល់ថា ខ្លួនបានកាត់បន្ថយកម្រិត ពន្ធសរុបរបស់ខ្លួនមកត្រឹម ៧.៣ ភាគរយ ហើយនៅតែជាប្រទេស នាំចូលធំទីពីរ របស់ពិភពលោកសម្រាប់រយៈពេល ១៦ឆ្នាំជាប់ៗគ្នា។

ដោយបង្ហាញពីប្រទេសចិន​ ជាអាណាព្យាបាល ដ៏សំខាន់នៃសណ្តាប់ធ្នាប់ពិភពលោក ដែលបានកសាងឡើងក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី ២​ លោកបានព្រមានប្រឆាំងនឹងការរស់ឡើងវិញនៃ “ឯកតោភាគីនិយម និងចិត្តគំនិតនៃសង្រ្គាមត្រជាក់” ។

ការកត់សម្គាល់របស់នាយករដ្ឋមន្ត្រីចិន​ បានធ្វើឡើង បើទោះបីជាភាពតានតឹង ផ្នែកសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក បានធូរស្រាលជាបណ្តើរៗ ហើយភាគីទាំងពីរកំពុងរៀបចំ សម្រាប់កិច្ចប្រជុំដោយផ្ទាល់ នៃមេដឹកនាំកំពូលរបស់ពួកគេ ដែលនឹងធ្វើឡើងក្នុង រយៈពេលប្រហែលមួយខែ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top